Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា «ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការទូត និងច្បាប់អន្តរជាតិ»

បានផុស

នៅ

«ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ»។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈមដោយជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។

សេចក្ដីថ្លែងការណ៍របស់លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា លោក បានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

ការគូសបញ្ជាក់បែបនេះរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ធ្វើឡើងក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងមានភាពមិនប្រាកដប្រជា ​និងការវិវត្តកាន់តែស្មុគស្មាញ ដោយធ្លាក់ទៅក្នុងបញ្ហាប្រឈម ពិសេសជម្លោះប្រដាប់អាវុធ និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ នៅតែបន្តកើតមាននៅតាមតំបន់ជាច្រើន រាប់ទាំងជម្លោះព្រំដែនកម្ពុជា​-ថៃ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណរបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដឹកនាំដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងដោយមានវត្តមានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកម្រិតខ្ពស់នេះបានផ្ដោតទៅលើការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើអង្គការសហប្រជាជាតិ។

សម្រាប់វត្តមានប្រមុខការទូតកម្ពុជា នៅទីក្រុងញូវយ៉ក ក៏មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម