Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អ្នកដើរតួបន្លំជាកូនប្រុស សែន កំសត់ មកចាប់ជាតិឲ្យបញ្ឈប់ជាបន្ទាន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់ឲ្យអ្នកដើរតួបន្លំជាកូនប្រុស សែន កំសត់ ដែលបានស្លាប់កាលពី៥០ឆ្នាំមុនមកចាប់ជាតិ ឲ្យបញ្ឈប់ជាបន្ទាន់ ដែលសម្ដេចយល់ថា គឺជាការភូតកុហក់ និងយកការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់សម្ដេចនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់ឈ្មោះ Sa Vath Vannda បានឆាតទំនាក់ទំនងជាមួយមនុស្សដែលស្គាល់សម្ដេចតាមប្រព័ន្ធ telegram ដោយអះអាងថា ខ្លួនពិតជាកូនប្រុស សែន កំសត់ របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត១០០ភាគរយ និងថែមទាំងសុំជួបសម្ដេចទៀតផង។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចបានសរសេរថា «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ»។ សម្ដេចថា ក្រោយរំដោះចេញពីរបបប៉ុលពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមក មានមនុស្សមិនតិចជាង២០នាក់ទេដែលបន្លំខ្លួនធ្វើជា កំសត់ កូនប្រុសសម្ដេចដែលបានស្លាប់ទៅនោះមកចាប់ជាតិ។

បើតាមសម្ដេច មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឱ្យសម្ដេច ខ្លះចុះតាមទស្សនាវដ្តី និងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។ សម្ដេចតេជោថា ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិច មានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ telegram របស់សម្ដេច។ សម្ដេចសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម