Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា កម្ពុជា និងហុងគ្រី នៅឆ្ងាយគ្នាពិត តែចំណងទាក់ទងមានភាពជិតស្និទ្ធ

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនោះ សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ខណៈឆ្នាំនេះជាខួប៧០ឆ្នាំនៃការបង្កើតចំណងការទូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tibor BALOGHDI បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រី​ មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។​ តាមការកត់សម្គាល់របស់លោកឯកអគ្គរដ្ឋទូត កម្ពុជា-ហុងគ្រី ក៏មានការកើនឡើងទំហំពាណិជ្ជកម្ម ដោយលោកអះអាងថាកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។

ដោយក្នុងឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី លោក ថា ប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត។  

បើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានកោតសរសើរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មរយៈពេល៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។ សម្ដេចតេជោ បានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជា នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។

សម្ដេចតេជោ ក៏បានគូសរំលេចពីការរួមចំណែកយ៉ាងសំខាន់របស់ហុងគ្រីនៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ សម្ដេច ថា មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ក៏បានគូសរំលេចពីសារៈសំខាន់នៃការផ្លាសប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រាប់ទាំងទស្សនកិច្ចរបស់សម្ដេចទៅកាន់ហុងគ្រី ក៏ដូចជាទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រីមកកម្ពុជា។ សម្ដេច ថា នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ បើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែមានភាពជិតស្និទ្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម