Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន គូសបញ្ជាក់ពីសន្ទុះកើនឡើងនូវចំណងទាក់ទងរវាងកម្ពុជា និងកាណាដា

បានផុស

នៅ

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជួបសម្តែងការគួរសមពីលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកគ្នាអំពីការពង្រឹងទំនាក់ទំនងកម្ពុជា និងកាណាដា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីផលប្រយោជន៍រួមទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន បានលើកឡើងពីសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគី ជាពិសេសតាមរយៈការដំឡើងកម្រិតពីស្ថានតំណាងរបស់ប្រទេសកាណាដា ទៅជាស្ថានទូតពេញលេញនៅរាជធានីភ្នំពេញ ការបើកស្ថានកុងស៊ុលកិត្តិយសនៅខេត្តសៀមរាប ក៏ដូចជាកំណើនផ្នែកពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច នាពេលថ្មីៗនេះ។

លោក ប្រាក់ សុខុន បានគូសរំលេចបន្ថែមចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីឆ្នាំ២០២៤ ខណៈដែលកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ នៅខែកុម្ភៈ ខាងមុខ ដែលកិច្ចពិភាក្សានេះ នឹងរិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល ទេសចរណ៍ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

លោកឯកអគ្គរដ្ឋទូត Christian DesRoches បានសម្តែងការគាំទ្ររបស់កាណាដាយ៉ាងខ្លាំងចំពោះកម្ពុជាដែលធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦នេះ និងបានអះអាងពីការប្តេជ្ញាចិត្តជាថ្មីរបស់កាណាដា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការកត់សម្គាល់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រាប់លោកឯកអគ្គរដ្ឋទូតពីការវិវត្តនាពេលថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ ដោយលោកបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម