Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសរំពឹងថានឹងបន្តទទួលបានអ្នកការទូតខ្លាំងពូកែ ពីការប្រឡងមានបេក្ខជន ១២៤៨នាក់ចូលរួម

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស រំពឹងថា នឹងបន្តទទួលបានអ្នកការទូតវ័យក្មេងដែលមានសមត្ថភាពខ្លាំងពូកែ មានបំណងប្រាថ្នាជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។ ការបង្ហាញក្ដីរំពឹងនេះធ្វើឡើងស្របពេលដែលនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការបរទេស សហការជាមួយក្រសួងមុខងារសាធារណៈ កំពុងរៀបចំការប្រឡង​ប្រជែងជ្រើសរើសមន្ត្រីការទូត ដែលមានបេក្ខជនចូលរួមប្រឡងចំនួន១២៤៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់ក្រុមអ្នកយកព័ត៌មាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស លោកស្រី អ៊ាត សោភា បង្ហាញក្ដីរំពឹងបែបនេះ៖«ខ្ញុំយល់ថានៅពេលដែលបញ្ច​ប់ការប្រឡង យើងអាចទទួលបាននូវមន្ត្រីដែលមានសមត្ថភាពល្អពិតប្រាកដ ហើយមានឆន្ទៈខ្ពស់ក្នុងការជួយកសាងប្រទេសជាតិ។ »។

គួរកត់សម្គាល់ថា ក្នុងរាជរដ្ឋាភិបាលនីតិកាល៧នេះ នេះគឺជាលើកទី២ហើយ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការរៀបចំការប្រឡងជ្រើសរើសមន្ត្រីការទូត ជាមួយក្រសួងមុខងារសាធារណៈស្របតាមយន្តការកែទម្រង់រដ្ឋបាលសាធារណៈ។

គួររម្លឹកថា ការប្រឡងជ្រើសរើសមន្ត្រីការទូតកាលពីលើកទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ បានរៀបចំឡើងនៅក្នុងខែសីហា ឆ្នាំ២០២៥ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៨០៣នាក់។ ឆ្លងកាត់ការប្រឡងដ៏តឹងរ៉ឹង និងការបូកពិន្ទុយ៉ាងល្អិតល្អន់ គណៈកម្មការប្រឡងជ្រើសរើសបានបេក្ខជនដែលមានពិន្ទុខ្ពស់បំផុតចំនួនត្រឹមតែ៤៨រូប ខណៈតម្រូវការមានដល់៥០រូប។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស លោក​ស្រី អ៊ាត សោភា ប្រាប់ក្រុមអ្នកយកព័ត៌មានថា មន្ត្រីការទូត ដែលកើតចេញពីការប្រឡងដែលហ្មត់ចត់ តឹងរ៉ឹង កាលពីឆ្នាំ២០២៥ កន្លងទៅ គឺជាមន្ត្រីការទូតដែលមានសមត្ថភាពពិតប្រាកដ មានឆន្ទៈក្នុងការជួយអភិវឌ្ឍជាតិ។

អ្នកការទូតជើងចាស់រូបនេះ ប្រាប់អ្នកសារព័ត៌មានដូច្នេះ៖«អ្នកដែលបានប្រឡងជាប់ [ជាមន្ត្រីការទូត] កាលពីឆ្នាំទៅ ហើយឆ្លងកាត់កម្មសិក្សារយៈពេលមួយឆ្នាំ ពិតជាមានសមត្ថភាព ហើយមានឆន្ទៈ ខិតខំក្នុងការបំពេញការងារ។ ដូច្នេះហើយខ្ញុំគិតថា យើងអាចវាយតម្លៃបានថា និយាម និងរបៀបរបបនៃការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីនេះ គឺពិតជាមានប្រសិទ្ធភាព ពិតជាមានតម្លាភាព ហើយពិតជាអាចផ្ដល់មកនូវមន្ត្រីដែលមានសមត្ថភាពពិតប្រាកដមែន។»។

គួរគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គោលការណ៍ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ចំនួន៥០រូបសិននៅឆ្នាំ២០២៥, បន្ទាប់មកនៅឆ្នាំ២០២៦ អនុញ្ញាតឱ្យជ្រើសរើសចំនួន៥០រូបបន្ថែម និងនៅឆ្នាំ២០២៧ អនុញ្ញាតឱ្យជ្រើសរើសមន្ត្រីចំនួន៥០រូបបន្ថែមទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម