Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះហ្គាស ស្លាប់​មនុស្ស ៥ នាក់ក្នុងប្រទេសអ៊ីរ៉ង់

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីមានការផ្ទុះហ្គាសពីរករណី​ដាច់ដោយឡែកពីគ្នាបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍​ទី​៣១​ខែ​មករា​ឆ្នាំ​២០២៦។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម BBC នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas ការផ្ទុះមួយបានកម្ទេចអគារស្នាក់នៅកម្ពស់៨ជាន់ ក្នុងតំបន់មហាវិថី Moallem ដោយបានបំផ្លាញជាន់ចំនួនពីរ និងខូចខាតយានយន្តព្រមទាំងហាងទំនិញជាច្រើន។ មន្ត្រីពន្លត់អគ្គិភ័យក្នុងតំបន់បានសន្និដ្ឋានថា ហេតុការណ៍នេះបណ្តាលមកពីការលេចធ្លាយហ្គាស និងការប្រមូលផ្តុំសម្ពាធ ដែលបានសម្លាប់មនុស្សម្នាក់ និង ១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Ahvaz ភាគនិរតី ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ ការផ្ទុះលើកទីពីរនៅអគារស្នាក់នៅមួយ​កន្លែង​ក្នុងសង្កាត់ Kianshahr បានបណ្តាល​ឲ្យ​មនុស្ស ៤​នាក់បាត់បង់ជីវិត។

ហេតុការណ៍ទាំងនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង និងការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ និងនៅតែបន្តរក្សាវត្តមានយោធានៅក្នុងតំបន់ក៏ដោយ។ ទន្ទឹម​នោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឆ្លើយតបវិញថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ដោយលោកបានសង្កត់ធ្ងន់ក្នុងកិច្ចសន្ទនាការទូតជាមួយប្រទេសអេហ្ស៊ីប​ថា ជម្លោះនឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយ ឬតំបន់ទាំងមូលឡើយ។

ស្ថិរភាពផ្ទៃក្នុងរបស់អ៊ីរ៉ង់នៅតែជាចំណុចកង្វល់របស់អន្តរជាតិ។ លោក​ត្រាំ កាលពីពេលថ្មីៗនេះបានព្រមានទីក្រុងតេហេរ៉ង់​ឲ្យ​ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាក្នុងស្រុក។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Ali Larijani បានលើកឡើងថា «ការរៀបចំរចនាសម្ព័ន្ធសម្រាប់ការចរចា» កំពុងមានវឌ្ឍនភាព តែ​ក្រសួងការបរទេសអ៊ីរ៉ង់នៅតែប្រកាន់ជំហរថា ទោះបីជាពួកគេបើកចំហសម្រាប់ការពិភាក្សាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ក៏ប្រព័ន្ធការពារមីស៊ីលរបស់ជាតិមិនមែនជាប្រធានបទសម្រាប់ការចរចានោះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម