Connect with us

ព័ត៌មានអន្ដរជាតិ

ចិនជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេង ផ្អាកការនាំចេញ ​ខណៈជម្លោះមជ្ឈិមបូព៌ាបន្តតានតឹង

បានផុស

នៅ

រដ្ឋាភិបាល​ចិនបានស្នើសុំឱ្យក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុក ​ផ្អាកការ​ចុះហត្ថលេខាលើកិច្ចសន្យានាំចេញប្រេងថ្មី ហើយព្យាយាម​លុបចោល​ការនាំចេញដែលត្រូវបានរៀបចំរួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) ដោយស្រង់សម្ដីប្រភព​ដឹងពីបញ្ហានេះជាអនាមិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់ចិន ធ្វើឡើងចំពេលដែលការផ្គត់ផ្គង់ប្រេងសកលធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា​ ដែលបណ្ដាលមកពីសង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយ​បង្កការបិទច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែក​ប្រមាណ ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។ មជ្ឈិមបូព៌ាជាប្រភព​ផ្គត់ផ្គង់ប្រេងដ៏ធំសម្រាប់ចិន ហើយចិននាំចូលប្រេងចន្លោះពី ៤៥-៥០% កាត់តាមច្រកហ័រមូហ្ស។

យ៉ាងណាមិញ ប្រភព​បាន​ប្រាប់រ៉យទ័រថា ការណែនាំរបស់ចិន មិន​អនុវត្តចំពោះប្រេងឥន្ធនៈយន្តហោះដែលប្រើសម្រាប់ជើងហោះហើរអន្តរជាតិ ​ឬការផ្គត់ផ្គង់ប្រេង​ទៅកាន់ទីក្រុងហុងកុង និងក្រុង​ម៉ាកាវ​។ ជុំវិញ​បញ្ហានេះ ​គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាស្ថាប័ន​អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូល​ចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រ​ទេ។

ដោយសារតែ​ចិនគឺជាប្រទេសនាំចេញប្រេងឥន្ធនៈចម្រាញ់រួច​ធំជាងគេ ១ របស់អាស៊ី ការកាត់បន្ថយការនាំចេញ​រំពឹងថានឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ​នៅទូទាំងទ្វីប​អាស៊ី ខណៈតម្លៃប្រេងចម្រាញ់រួចបាន​ហក់ឡើងខ្ពស់។

ប្រភព​បាន​និយាយថា ដោយសារតែ​ដំណើរការនាំចេញសម្រាប់ខែមីនាបានធ្វើរួចរាល់ហើយ វាពិបាកក្នុងការលុបចោលវិញ ដូច្នេះការជំរុញរបស់រដ្ឋាភិបាល​ចិន នឹង​បង្ហាញពីផលប៉ះពាល់ចាប់ពីខែមេសា តទៅ។

សម្រាប់ខែមីនា ការនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ នឹងមិនសូវមាន​ការប្រែប្រួលប៉ុន្មាន ដោយរក្សាបាននូវបរិមាណក្នុងរង្វង់ប្រមាណ ៣,៨ លាន​តោន ខណៈក្រុមហ៊ុនចិន ទាញយក​ប្រាក់ចំណេញច្រើនពីការនាំចេញប្រេងចម្រាញ់​នៅអាស៊ី​។

ទិន្នន័យពីក្រុមហ៊ុនផ្សារហ៊ុនឡុងដ៍ (LSEG) បានបង្ហាញថា​ អត្រាប្រាក់ចំណេញពីការ​ចម្រាញ់ប្រេងម៉ាស៊ូត បាន​កើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ​ ប្រហែល ៤៩ ដុល្លារ/បារ៉ែលនៅថ្ងៃព្រហស្បតិ៍ ខណៈ​ប្រាក់ចំណេញពីការផលិត​ប្រេងឥន្ធនៈយន្តហោះកើន​លើសពី ៥៥ ដុល្លារ​/បារ៉ែល។

ទិន្នន័យតាមដានកប៉ាល់ពី LSEG បង្ហាញថា ចន្លោះពីថ្ងៃទី ១-៥ ខែមីនា ចិន​បាន​នាំចេញប្រេងឥន្ធនៈយន្តហោះចំនួន ៧០ ០០០ តោន (៥៥១ ៦០០ បា​រ៉ែល) ប្រេងម៉ាស៊ូត ៣៥ ០០០ តោន​ និងប្រេងសាំង​ ៣៥ ០០០ តោន។ ​

​ចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេបំផុត​លើ​ពិភពលោក គ្រប់គ្រងការនាំចេញប្រេងឥន្ធនៈតាមរយៈប្រព័ន្ធកូតាដើម្បីធ្វើឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការ។ សម្រាប់ឆ្នាំ ២០២៦ រដ្ឋាភិបាលបានចេញកូតានាំចេញប្រហែល ១៩ លានតោន ដោយ​ដូចគ្នានឹងឆ្នាំ ២០២៥។ ​

អ្នកទិញនៅអាស៊ីដែលនាំចូលប្រេងឥន្ធនៈពី​ចិនបាននិយាយថា ពួកគេនៅតែរំពឹងថានឹងទទួលបានការដឹកជញ្ជូននៅខែមីនា​តាមការគ្រោងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម