ព័ត៌មានអន្ដរជាតិ
តើប្រទេសណាខ្លះទិញប្រេងរុស្ស៊ី ក្រោយអាមេរិកលើកទណ្ឌកម្មជាបណ្ដោះអាសន្ន?
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសពីការបន្តលើកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ីដែលជាប់គាំងលើផ្ទៃសមុទ្ររយៈពេល ៣០ ថ្ងៃទៀត ដើម្បីឱ្យប្រទេសនានាទិញយកប្រើប្រាស់ ចំពេលដែលទីផ្សារសកលរងសម្ពាធដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ និងការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស។

សហរដ្ឋអាមេរិកបាននិយាយថា ការលើកទណ្ឌកម្មដែលនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែមិថុនានេះ មានគោលបំណងរក្សាលំហូរប្រេងនៅលើទីផ្សារពិភពលោក និងការពារការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអតិផរណាបន្ថែមទៀត។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីលក់ប្រេងមួយចំនួន នឹងជួយផ្គត់ផ្គង់ដល់ប្រទេសដែលត្រូវការថាមពលខ្លាំងបំផុត និងកាត់បន្ថយសមត្ថភាពរបស់ចិន ក្នុងការស្ដុកប្រេងដែលរុស្ស៊ីលក់ឱ្យថោកៗ។
យោងតាមក្រុមហ៊ុនទិន្នន័យពាណិជ្ជកម្ម Kpler បច្ចុប្បន្ននេះ រុស្ស៊ីមានប្រេងឆៅប្រហែល ១១៣ លានបារ៉ែល ដែលដាក់លើកប៉ាល់ និងស្ថិតនៅលើសមុទ្រផ្សេងៗជុំវិញពិភពលោក។ យ៉ាងណាមិញ ១០៦ លានបារ៉ែល ក្នុងនោះ កំពុងស្ថិតក្នុងនាវាចរណ៍ទៅកាន់ទិសដៅប្រទេសនាំចូលនានា។
តើប្រទេសណាខ្លះនាំចូលប្រេងរុស្ស៊ី?
១. ឥណ្ឌា៖ ទោះបីមានសម្ពាធពីលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកក្ដី ឥណ្ឌាបាននាំចូលប្រេងរុស្ស៊ីដ៏ច្រើនសណ្ធឹកសន្ធាប់ប្រមាណ ១,៦២ លានបារ៉ែល/ថ្ងៃ កាលពីខែកញ្ញា ឆ្នាំមុន។ បរិមាណនេះ បន្តកើនឡើងដល់ ១,៧២ លានបារ៉ែល/ថ្ងៃ នៅខែមីនា និងដល់ជាង ២ លានបារ៉ែល នៅខែមេសា ខណៈទិន្នន័យ Kpler ចុងក្រោយបង្ហាញថា បរិមាណនោះបានហក់ឡើងដល់ ២,៣ លានបារ៉ែល/ថ្ងៃ នៅខែឧសភា។
យ៉ាងណាមិញ មិនមានរបាយការណ៍ណាមួយបង្ហាញថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីប៉ុន្មានលានបារ៉ែល រាប់តាំងពីអាមេរិកដកទណ្ឌកម្មបណ្ដោះអាសន្ននៅដើមខែមីនារហូតមកទល់ខែឧសភានេះនោះទេ។ ប៉ុន្តែនៅដើមខែមីនា Bloomberg បានផ្សាយថា ឥណ្ឌាទិសប្រេងរុស្ស៊ីដែលជាប់លើសមុទ្រ ៣០ លានបារ៉ែល ភ្លាមៗក្រោយអាមេរិកប្រកាសលើកទណ្ឌកម្ម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Sujata Sharma លេខាធិការរងនៃក្រសួងប្រេងកាតឥណ្ឌា ថ្មីៗនេះបាននិយាយថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីទាំងមុខ អំឡុងពេល និងក្រោយពេលអាមេរិកលើទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងមិនប្រឈមមុខនឹងកង្វះខាតប្រេងទេ ហើយការផ្គត់ផ្គង់មានសុវត្ថិភាព ទោះបីអាមេរិកផ្លាស់ប្ដូរគោលនយោបាយបែបណាក៏ដោយ។

២. ចិន៖ ចិនគឺជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលបានជួយទិញប្រេងប្រទេសនេះយ៉ាងសណ្ធឹកសន្ធាប់ក្នុងតម្លៃថោកៗកាត់តាមសមុទ្រ និងបំពង់បង្ហូរប្រេង ក្រោយលោកខាងលិចដាក់ទណ្ឌកម្មលើក្រុងមូស្គូ ចំពោះការឈ្លានពានអ៊ុយក្រែន។ នៅខែមេសា ចិនបាននាំចូលប្រេងរុស្ស៊ី ១,០៥ លានបារ៉ែល/ថ្ងៃ ដោយធ្លាក់ចុះ ១,៣ លានបារ៉ែល/ថ្ងៃនៅខែមីនា ខណៈនៅឆ្នាំ ២០២៥ ចិនទិញប្រេងរុស្ស៊ីប្រហែល ២ លានបារ៉ែល/ថ្ងៃ។ ការផ្គត់ផ្គង់របស់រុស្ស៊ី រួមចំណែកជិត ២០% នៃការនាំចូលប្រេងរបស់ចិន បន្ទាប់មកគឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ម៉ាឡេស៊ី អារ៉ាប់រួម និងអូម៉ង់ជាដើម។
៣. បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍៖ អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុនតាមដានពាណិជ្ជកម្មប្រេង Vortexa បានប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា ការបន្តលើកទណ្ឌកម្មលើប្រេងរុស្ស៊ីរបស់អាមេរិក អាចបង្កើនការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់អាស៊ីបន្ថែមទៀត រួមទាំងប្រ៊ុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។
កាលពីចុងខែមេសា ឥណ្ឌូណេស៊ីបានប្រកាសកំណត់ការនាំចូលប្រេងពីរុស្ស៊ី ១៥០ លានបារ៉ែល នៅឆ្នាំនេះ។ មុនអាមេរិកប្រកាសបន្តការលើកទណ្ឌកម្មថ្មីនៅថ្ងៃចន្ទ ឥណ្ឌូណេស៊ីបាននិយាយកាលពីចុងសប្ដាហ៍មុនថា ខ្លួននឹងបន្តដំណើរការនាំចូលប្រេងរបស់រុស្ស៊ី ទោះបីជាការលើកទណ្ឌកម្មរបស់អាមេរិកផុតកំណត់នៅថ្ងៃទី ១៦ ឧសភា ក៏ដោយ។
កន្លងមក ប្រទេសថៃបានឱ្យដឹងពីគម្រោង និងការចរចាទិញប្រេងរុស្ស៊ី ប៉ុន្តែវឌ្ឍនភាពយ៉ាងណានោះ មិនទាន់មានការបង្ហាញជាសាធារណៈនៅឡើយទេ។ ហ្វីលីពីនឯណោះវិញ បានទិញប្រេងរុស្ស៊ី ២,៥ លានបារ៉ែល ដោយការដឹកជញ្ជូនតាមកប៉ាល់បានទៅដល់ប្រទេសប្រជុំកោះមួយនេះនៅខែមីនា។ កន្លងមក ហ្វីលីពីនបានសុំឱ្យអាមេរិកបន្តបើកផ្លូវឱ្យខ្លួននាំចូលប្រេងរុស្ស៊ី ប៉ុន្តែថាតើមានការនាំចូលប៉ុន្មានបារ៉ែលហើយមកទល់ពេលនេះនោះ គេមិនទាន់ឃើញព័ត៌មានជាក់លាក់នៅឡើយទេ។
វៀតណាមឯណោះវិញ កំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរយៈពេលវែងជាមួយរុស្ស៊ី ហើយបានទាញយកផលប្រយោជន៍ពីការលើកលែងទណ្ឌកម្មបណ្តោះអាសន្នរបស់អាមេរិក ដើម្បីទិញប្រេងឆៅរុស្ស៊ីដែលកំពុងជាប់គាំងនៅលើសមុទ្រ ដើម្បីដោះស្រាយកង្វះខាតថាមពលក្នុងស្រុក។ មិនមានទិន្នន័យស្ដីពីបរិមាណប្រេងដែលវៀតណាមបានទិញនោះទេ។
៤. ប្រទេសផ្សេងៗ៖ ក្រៅពីប្រទេសខាងលើ ប្រទេសផ្សេងៗទៀតបាននឹងកំពុងចរចា ឬបានទិញប្រេងរុស្ស៊ីក្រោយអាមេរិកដកទណ្ឌកម្មបណ្ដោះអាសន្ន ដូចជាស្រីលង្កា ប៉ាគីស្ថាន និងតួកគី ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


