Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រាប់ឱ្យពិភពលោកត្រៀមខ្លួនសម្រាប់តម្លៃប្រេង ២០០ ដុល្លារ/បារ៉ែល

បានផុស

នៅ

អ៊ីរ៉ង់បាន​​ប្រាប់ឱ្យ​ពិភពលោកគួរតែត្រៀមខ្លួន សម្រាប់​ការហក់ឡើងនៃតម្លៃប្រេងដល់ ២០០ ដុល្លារ/បារ៉ែល ខណៈកងកម្លាំងប្រទេសនេះបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងនាវាដឹកប្រេងក្នុងតំបន់ឈូងសមុទ្រពែរ្សកាលពីថ្ងៃពុធ ហើយ​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាន​ប្រកាសពីការបញ្ចេញស្តុកប្រេងបម្រុងដ៏ច្រើនសណ្ធឹក ដើម្បី​រក្សាស្ថិរភាពតម្លៃប្រេង។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះ ដែលផ្ទុះឡើងពីការវាយប្រហាររួមគ្នារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​លើអ៊ីរ៉ង់នៅថ្ងៃទី ២៨ កុម្ភៈ បាន​សម្លាប់មនុស្សប្រហែល ២ ០០០ នាក់រួចបាត់ទៅហើយ ដោយភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់ ខណៈវារីករាលដាលដល់លីបង់ និងបានធ្វើឱ្យរង្គុះរង្គើទីផ្សារ និងការដឹកជញ្ជូនប្រេងសកល។​

កន្លងមក យោធា​អាមេរិកបានប្រាប់ជនជាតិអ៊ីរ៉ង់ឱ្យនៅឱ្យឆ្ងាយពីកំពង់ផែដែលមានមូលដ្ឋានកងទ័ពជើងទឹក ​ហើយយោធាអ៊ីរ៉ង់ថាបាន​ឆ្លើយតបទៅវិញថា ប្រសិនបើកំពង់ផែទាំងនោះ​រង​ការ​គំរាមកំហែង នោះ​​មជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ក្នុងតំបន់​មជ្ឈិមបូព៌ានឹងក្លាយជា «គោលដៅស្របច្បាប់​»​ សម្រាប់​ការវាយប្រហាររបស់ខ្លួន​។

មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីយ៉ាងច្បាស់នៅថ្ងៃពុធថា ​ខ្លួន​មានបំណងបង្ក​ឱ្យសេដ្ឋកិច្ចជាប់គាំងយូរអង្វែង។

អ្នកនាំពាក្យនៃបញ្ជាការយោធាអ៊ីរ៉ង់ លោក Ebrahim Zolfaqari ​បាន​ឆ្លើយតបទៅនឹង​ការគំរាមផ្សេងៗរបស់អាមេរិកថា៖ «ត្រៀមខ្លួន​សម្រាប់ពេលតម្លៃប្រេងឡើងដល់ ២០០ ដុល្លារ​/បារ៉ែលឱ្យហើយទៅ ពីព្រោះតម្លៃប្រេងអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលអ្នកបាន​បង្ក​ឱ្យ​អស្ថិរភាព»។

លើសពីនោះ ក្រោយការិយាល័យធនាគារមួយនៅក្រុងតេអេរ៉ង់រងការវាយប្រហារធ្ងន់ធ្ងរ ​លោក Zolfaqari បាននិយាយថា អ៊ីរ៉ង់នឹងឆ្លើយតបដោយការវាយប្រហារលើធនាគារដែលធ្វើអាជីវកម្មជាមួយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល។ លោកបានបន្ថែមថា ប្រជាជននៅទូទាំងមជ្ឈិមបូព៌ាគួរតែ​នៅឱ្យឆ្ងាយ ១ ០០០ ម៉ែត្រ ពីធនាគារទាំងនោះ​។

មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​គូសបញ្ជាក់ថា គោលបំណងរបស់ពួកគេ គឺកម្ទេច​សមត្ថភាព​យោធា​អ៊ីរ៉ង់ ក្នុងការប្រើប្រាស់កម្លាំងហួសពីព្រំដែនរបស់ខ្លួន និងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់​ប្រទេសនេះ​។ មកទល់ពេលនេះ គេមិនទាន់ឃើញមាន​ភាពស្រាកស្រាន្តនៃជម្លោះជាដុំកំភួននៅឡើយទេ ខណៈតម្លៃប្រេងបាន​ហក់ឡើងចុះជាបន្តបន្ទាប់ ដោយអាស្រ័យលើស្ថានការណ៍ប្រចាំថ្ងៃ។

តម្លៃប្រេងអន្តរជាតិម៉ាក Brent បាន​កើនឡើងដល់ ១០០ ដុល្លារ/បារ៉ែល ជាថ្មី សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ។ តម្លៃប្រេងដដែលបានហក់ឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល កាលពីថ្ងៃចន្ទ មុនពេលធ្លាក់ចុះមកវិញត្រឹម ៨០ ដុល្លារ/បារ៉ែល នៅថ្ងៃអង្គារ។ នេះបង្ហាញពីការប្រែប្រួលរហ័សនៃទីផ្សារប្រេងអន្តរជាតិ​។

កាលពីថ្ងៃពុធ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសបញ្ចេញប្រេងពីស្តុងបម្រុងទុកប្រមាណ ៤០០ លាន​បារ៉ែល។ យ៉ាងណាមិញ ការប្រកាសនេះ មិនបានធ្វើឱ្យ​តម្លៃប្រេងចុះខ្សោយមកវិញទេ ខណៈដែលអ៊ីរ៉ង់បង្កើនការវាយប្រហារនៅលើនាវាដឹកប្រេង ២ គ្រឿងរបស់អ៊ីរ៉ាក់នៅឈូងសមុទ្រពែរ្ស និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងទៀតនៅច្រកសមុទ្រ​ហ័រមូហ្ស ដែលនេះបង្ហាញពីអសុវត្ថិភាពនៃការដឹកជញ្ជូនទំនិញចេញ​ពី​តំបន់ ជាពិសេសប្រេងឆៅ​ ដែលសំខាន់សម្រាប់តម្រូវការសកលប្រចាំថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម