Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ជំរុញរៀបចំពិធីរំឭកគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីអប់រំសីលធម៌ និងស្មារតីជាតិ

បានផុស

នៅ

រដ្ឋបាល​ខេត្ត​សៀមរាប បាន​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ពិធី​រំឭក​គុណ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដើម្បី​អប់រំ​សីលធម៌ និង​ស្មារតី​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​នេះ ខណៈ​ពេល​ដែល​សាលា​គណៈ​ខេត្ត​សៀមរាប និង​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការគុណ សម្តេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត និង​ក្រុមជំនុំ​ព្រះ​ត្រៃបិដក​ខ្មែរ លើក​ទី ១៥ នៅ​វត្ត​រាជបូណ៌ ក្រុង​សៀមរាប ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ សម្តេច​ព្រះ​ព្រហ្ម​រតនមុនី ពិន សែម សិរីសុវណ្ណោ កាលពី​រសៀល​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦។

លោក លី សារី អភិបាល​រង​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​យ៉ាង​ឱឡារិក​នា​ពេលនេះ គឺជា​សក្ខីភាព នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​ព្រះ​ថេរានុត្ថេរៈ និង​ពុទ្ធបរិស័ទ ចំពោះ​បុគ្គល​ជា​ទីសក្ការៈ​ដែល​បាន​លះបង់​ដើម្បី​ជាតិ និង​សាសនា។ ការ​លើក​កម្ពស់​ព្រះពុទ្ធសាសនា​ឲ្យ​រីកចម្រើន​តាម​ពុទ្ធបញ្ញត្តិ មិន​ត្រឹម​តែ​ជា​ការ​អភិរក្ស​សាសនា​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​កសាង​មូលធន​ផ្លូវ​ចិត្ត​ដ៏​សំខាន់ សម្រាប់​អប់រំ​ចរិយា​ធម៌ និង​ពង្រឹង​សាមគ្គី​ភាព​ជាតិ។

លោក លី សារី មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​ទាំងនេះ ស្រប​តាម​ឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​សង្គម​ជាតិ​មួយ​ដែល​មាន​សុខ​សន្តិភាព សុខដុមរមនា និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ សម្រាប់ សម្តេច​ព្រះ​មហា​សុមេធា​ធិបតី ជួន ណាត វិញ ទោះបី​ព្រះអង្គ​បាន​យាង​ចូលទិវង្គត​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ព្រះ​កិត្តិនាម និង​ស្នាព្រះហស្ត​របស់ព្រះអង្គ នៅតែ​ស្ថិតស្ថេរ​ជា​អមត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​លើ​ឆាក​អន្តរជាតិ។

ដើម្បី​ជា​ការ​តបស្នង និង​ចងចាំ​នូវ​គុណូបការៈ​នេះ លោក​បាន​ជំរុញ​ឲ្យ​រៀបចំ​ពិធី​រំឭក​គុណ​នេះ​ឲ្យ​ក្លាយ​ជា​ព្រឹត្តិការណ៍​សាសនា​ប្រចាំ​ឆ្នាំ។ ប្រើប្រាស់​ពិធី​នេះ​ជា​ឧបករណ៍​សម្រាប់​អប់រំ និង​ដាស់តឿន​ស្មារតី​កូនខ្មែរ​គ្រប់​ជំនាន់ និង​បន្ត​ថែរក្សា​កេរដំណែល​សាសនា ដើម្បី​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​សម្រាប់​បច្ចុប្បន្ន និង​អនាគត។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី បណ្ឌិត ឃឹម សន ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​រំឭក​គុណូបការៈ​នេះ​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​ជា​គុណប្រយោជន៍​ណាស់​សម្រាប់​ជាតិសាសន៍​មួយៗ ឲ្យ​យើងទាំងអស់គ្នា​បាន​នឹក​រឭក​ឃើញ​ចំពោះ​គុណ​មាតា​បិតា​ក្តី ឬ​គុណ​បុព្វបុរស​ខ្មែរ​ជា​ព្រះសង្ឃ​ក្តី ជា​គ្រហស្ថ​ក្តី ដែល​មាន​ឧបការៈ​ចំពោះ​ជាតិ​មាតុភូមិ និង​ជា​គំរូ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ បានដឹង និង​បាន​ស្គាល់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ស្រុក​ខ្មែរ ហើយ​ទាំងអស់​គ្នា ត្រូវ​តែ​ចងចាំ និង​ប្រតិបត្តិ​តាម​គន្លង​មាគ៌ា នៃ​បុព្វបុរស​ខ្មែរ។ ជាពិសេស ព្រះ​កិត្តិនាម និង​ស្នាដៃ​របស់ សម្តេច​ព្រះ​មហា​សុមេធា​ធិបតី ជួន ណាត ស្ថិតនៅ​ដក់​ជាប់​ជានិច្ច​ក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត ព្រោះថា​ពេញមួយជីវិត​របស់ព្រះអង្គ ព្រះអង្គ​បានបំពេញ​ព្រះរាជ​បេសកកម្ម​យ៉ាង​ធំ​ក្រៃលែង ក្នុង​វិស័យ​សង្គមកិច្ច និង​វិស័យ​សិក្សា​ធិការ ជាដើម សម្រាប់​កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ រៀន​សូត្រ​ដល់​សព្វថ្ងៃ​នេះ។

សូម​ជម្រាប​ថា ទិវា​បុណ្យ​រំឭក​គុណ​សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក លើក​ទី ១៥ រៀបចំឡើងកាលពីថ្ងៃទី ១៣ និងទី១៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុង​នោះ​មានរៀបចំពិធីដង្ហែ​ព្រះ​ត្រៃ​រតន៍ នៅ​តាម​បណ្តា​ផ្លូវ​មួយចំនួនក្នុងក្រុងសៀមរាប និងកម្មវិធី​ចម្រើនព្រះបរិត្ត សម្តែង​ធម្ម​ទេសនា និងពិធី​រាប់បាត្រ​ព្រះសង្ឃ ៣៥០ អង្គ ផងដែរ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម