ព័ត៌មានជាតិ
ក្រសួងការងារ បន្តនាំយកឱកាសការងារជិត ៣ ពាន់កន្លែង ជូនអតីតពលករ និងពលរដ្ឋ នៅស្រុកថ្មគោល
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ៣ ពាន់កន្លែង ផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

សកម្មភាពនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាពួកគាត់ទាំងនោះ និងយុវជនតាមមូលដ្ឋាន មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនកាន់តែប្រសើរ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

នាឱកាសនោះ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការនាំយកនូវឱកាសការងារចំនួន ២ ៧៥០ កន្លែង ដែលផ្តល់ដោយតំណាងរោងចក្រ សមាគម និងទីភ្នាក់ងារបញ្ជូនពលករចំនួន ០៧ ក្នុងចំណោមឱកាសការងារសរុបជាង ៨ ម៉ឺនកន្លែង នៅទូទាំងប្រទេស។

លោកបញ្ជាក់ថា ការងារក្នុងស្រុកគឺជាជម្រើសដ៏ល្អ ព្រមជាមួយលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺការទទួលបានការគាំពារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលផ្ដល់នូវភាពកក់ក្ដៅដល់កម្មករ-និយោជិត និងការជួយសម្រាលបន្ទុកជីវភាពតាមរយៈបណ្ណក្រីក្រសម្រាប់ពលរដ្ឋមានតម្រូវការចាំបាច់។

លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេសអតីតពលករ សូមចាប់យកឱកាសមាសសិក្សាក្នុងកម្មវិធីថ្នាក់ជាតិបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ (TVET 1.5M) ដោយមិនបង់ប្រាក់ ប៉ុន្តែទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យទៀតផង។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងស្វែងយល់ព័ត៌មានបន្ថែម ឬចុះឈ្មោះស្វែងរកការងារ សូមទំនាក់ទំនងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរសព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


