ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ៖ កម្មករនិងសហគ្រាសមួយចំនួន កំពុងចាប់ផ្តើមប្តូរទិសទៅរកការប្រើប្រាស់ប្រាក់ រៀលកាន់តែច្រើន
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានអះអាងថាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជានិងសហគ្រាសមួយចំនួន កំពុងចាប់ផ្តើមប្តូរទិសទៅរកការប្រើប្រាស់ ប្រាក់រៀលកាន់តែច្រើន ប្រសិនបើមានស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់មានភាពងាយស្រួល។
នេះបើផ្អែកតាមលទ្ធផលស្រាវជ្រាវសំខាន់ៗចំនួនពីរ ដែលធនាគារជាតិនៃកម្ពុជាបានសហការស្តីពី «ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា» ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

ថ្លែងក្នុងទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសធនាគារ លោក យឹម លាត បានបន្តថាការសិក្សានេះត្រូវបានអនុវត្តឡើងក្នុងគោលបំណងស្វែងយល់ឱ្យបានច្បាស់ពីទំនាក់ទំនង វិនិយោគបរទេស និងការប្រើប្រាស់រូបិយវត្ថុក្នុងវិស័យនេះ ដែលមានការភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ចាប់ពី ការទទួលជាប្រាក់ដុល្លារអាមេរិក រហូតដល់ការបម្លែង និងការប្រើប្រាស់ជាប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃ ដែលមានសារៈសំខាន់សម្រាប់ការរៀបចំគោលនយោបាយរូបិយវត្ថុ និងការលើកកម្ពស់តួនាទីរបស់ប្រាក់រៀល។
លោក ទេសាភិបាលរង បានបន្ថែមថាលទ្ធផលស្រាវជ្រាវបានបង្ហាញថា វិស័យនេះនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ជាពិសេសក្នុង ការទទួលទុនវិនិយោគពីបរទេស និងការបើកប្រាក់ខែជាដុល្លារអាមេរិក ខណៈដែលកម្មករភាគច្រើនវិញ ចំណាយជាប្រាក់រៀលសម្រាប់ជីវភាពប្រចាំថ្ងៃ។ ភាពមិនត្រូវគ្នានៃរូបិយវត្ថុនេះ បានបង្កើតជាបន្ទុក បន្ថែមសម្រាប់កម្មករ ដោយពួកគេត្រូវបម្លែងប្រាក់ដោយខ្លួនឯង និងបាត់បង់ចំណូលប្រហែល ១,២% ជាពិសេសសម្រាប់អ្នកមានចំណូលទាប។

ទន្ទឹមនេះ ក៏មានសញ្ញាវិជ្ជមានថា កម្មករនិងសហគ្រាសមួយចំនួន កំពុងចាប់ផ្តើមប្តូរទិសទៅរកការប្រើប្រាស់ ប្រាក់រៀលកាន់តែច្រើន ប្រសិនបើមានស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់មានភាពងាយស្រួល។ ដូច្នេះ ការសិក្សានេះមិនត្រឹមតែបង្ហាញពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ទិសដៅច្បាស់លាស់ សម្រាប់ការកែលម្អ។ ក្នុងន័យនេះ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល មិនមែនជាជម្រើសទេ ប៉ុន្តែ ជាភាពចាំបាច់ដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងស្ថិរភាព សេដ្ឋកិច្ចជាតិ។
ក្រៅពីនេះធនាគារជាតិនៃកម្ពុជាក៏បានអង្កេតលើការប្រើប្រាស់រូបិយវត្ថុនៅក្នុងវិស័យសាធារណៈ ដែលជាគម្រោងសហការរវាង ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភាជាតិផងដែរ។ ការសិក្សានេះមានគោលបំណងស្វែងយល់អំពីតួនាទី និងការ ចូលរួមរបស់វិស័យសាធារណៈក្នុងការគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសក្នុង ប្រតិបត្តិការដែលទាក់ទងនឹងចំណូល-ចំណាយរដ្ឋ។

លោកយឹមលាត បានបញ្ជាក់ថាលទ្ធផលបានបង្ហាញថា ទោះបីកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែ ប្រើប្រាស់ប្រាក់រៀលជាចម្បង។ ទោះយ៉ាងណា ក្នុងសកម្មភាពមួយចំនួនដែលពាក់ព័ន្ធនឹងបរទេសប្រាក់ដុល្លារអាមេរិកនៅតែមាន ហើយក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា ការសម្របសម្រួលមិនទាន់រឹងមាំ និងកង្វះទិន្នន័យ។ លោកយឹមលាតបានបន្តទៀតថា« អ្វីដែលសំខាន់នោះ គឺលទ្ធផលនេះបានបញ្ជាក់ថា វិស័យសាធារណៈអាចក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យ កាន់តែទូលំទូលាយ។ ក្នុងន័យនេះ ការសិក្សាបានណែនាំឱ្យបន្តពង្រឹងការប្រើប្រាស់ប្រាក់រៀលក្នុង ប្រតិបត្តិការរដ្ឋ តាមរយៈការអនុវត្តគម្រោងសាកល្បងក្នុងវិស័យសំខាន់ៗ ព្រមទាំងការបង្កើតយន្តការ សម្របសម្រួល និងប្រព័ន្ធចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកប ដោយ ប្រសិទ្ធភាព»។
លោកយឹមលាតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល ដែល បានចូលរួមគាំទ្រ និងជឿជាក់លើប្រាក់រៀលជាបន្តបន្ទាប់។ព្រោះថា ទំនុកចិត្តរបស់ប្រជាជន គឺជាមូលដ្ឋានដ៏រឹងមាំ ដែលបានគាំទ្រឱ្យប្រាក់រៀលអាចឈរជើងឡើងវិញ និងបន្តរីកចម្រើនយ៉ាងមាំមួនរហូតដល់សព្វថ្ងៃនេះ។

លោកបានបន្ថែមទៀតថាក្នុងទិសដៅដែលបាននិងកំពុងបន្ត រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នដឹកនាំ កំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ ប្រាក់រៀល។ យុទ្ធសាស្ត្រនេះនឹងកំណត់ទិសដៅ និងវិធានការជាក់លាក់ ដើម្បីធានាថា ការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល អាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំងធ្វើឱ្យការអនុវត្ត គោលនយោបាយ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


