Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ

បានផុស

នៅ

រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) រៀបចំសកម្មភាពសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានខណ្ឌកំបូល ដោយមានកម្មករ និយោជិត និងថ្នាក់ដឹកនាំចូលរួមសរុបជាង ៨០០នាក់ ដើម្បីរួមចំណែកលើកកម្ពស់ទីក្រុងស្អាត បរិស្ថានបៃតង និងសោភណភាពរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលបានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងសង្កាត់ចំនួន៤ រួមមាន សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សកម្មភាពនេះបានផ្តោតលើការប្រមូលសំរាម ការបោសសម្អាតតាមចិញ្ចើមផ្លូវ និងការរៀបចំបរិស្ថានសាធារណៈឱ្យមានសណ្តាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ ការសម្អាតដងផ្លូវជាប្រចាំ មិនត្រឹមតែជួយធ្វើឱ្យបរិស្ថានមានភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការកកស្ទះសំរាម ការស្ទះប្រព័ន្ធលូ និងការបង្ការហានិភ័យនៃជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ។

ទន្ទឹមនឹងនេះ សកម្មភាពសម្អាតអនាម័យបរិស្ថានក៏ជាការលើកកម្ពស់ស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ សហគមន៍ និងវិស័យឯកជន ក្នុងការថែរក្សាបរិស្ថានឱ្យបានស្អាត មានអនាម័យ និងប្រកបដោយចីរភាព ស្របតាមទិសដៅរបស់រាជធានីភ្នំពេញក្នុងការកសាងទីក្រុងស្អាត និងរស់នៅប្រកបដោយគុណភាព។

រដ្ឋបាលខណ្ឌកំបូល នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំសកម្មភាពសម្អាតអនាម័យបរិស្ថាន ក៏ដូចជាសកម្មភាពសង្គមនានាផ្សេងទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែស្អាត មានសណ្តាប់ធ្នាប់ និងទាក់ទាញ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម