ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា អត់បានចរចាអ្វីជាមួយអាមេរិកទេ ត្រាំ ចេះតែភូតដើម្បីឲ្យតម្លៃប្រេងធ្លាក់ចុះប៉ុណ្ណោះ
ក្រោយប្រធានាធិបតីអាមេរិក បង្ហោះសារអំពីកិច្ចសន្ទនាដ៏ល្អជាមួយទីក្រុងតេហេរ៉ង់ ស្រាប់តែពេលនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសថា ការអះអាងរបស់ប្រមុខសេតវិមានគឺជារឿងមិនពិត ដែលគ្រាន់តែនិយាយភូតកុហក ដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះប៉ុណ្ណោះ។

កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានមានកិច្ចសន្ទនាដ៏ល្អប្រសើរ និងប្រកបដោយផលិតផលខ្ពស់ ពាក់ព័ន្ធនឹងការដោះស្រាយឲ្យបានពេញលេញ និងទាំងស្រុងនូវអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ផ្អែកលើខ្លឹមសារ និងបរិយាកាសនៃកិច្ចសន្ទនាដ៏ស៊ីជម្រៅ លម្អិត និងប្រកបដោយស្មារតីស្ថាបនាទាំងនេះ ដែលនឹងបន្តប្រព្រឹត្តទៅពេញមួយសប្តាហ៍ ខ្ញុំបានណែនាំដល់ក្រសួងសង្គ្រាមឲ្យពន្យារពេលរាល់ការវាយប្រហារយោធាទាំងអស់ទៅលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប្រាំថ្ងៃ ដោយផ្អែកលើលទ្ធផលជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាដែលកំពុងបន្ត»។
យ៉ាងណា ជុំវិញរឿងនេះ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានទាត់ចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចរចាអ្វីជាមួយអាមេរិកទេ។

លោក Ghalibaf បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ព័ត៌មានក្លែងក្លាយ កំពុងត្រូវបានប្រើប្រាស់ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុនិងទីផ្សារប្រេង ក៏ដូចជាដើម្បីដោះខ្លួនចេញពីភក់ជ្រាំ ដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងជាប់ផុង»។
ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏ចេញមុខបដិសេធផងដែរថា មិនមានកិច្ចពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកទេ។
រឿងនេះកើតឡើងបន្ទាប់ពីលោកត្រាំ គំរាមទុកពេលឲ្យអ៊ីរ៉ង់ ៤៨ ម៉ោង ដើម្បីបើកច្រក Hormuz ឡើងវិញ បើមិនដូច្នេះទេនឹងវាយប្រហារពេញទំហឹងលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ហើយជាការតបតវិញ ទីក្រុងតេហរ៉ង់ ក៏ព្រមានបិទច្រកនេះទាំងស្រុងតែម្តង បើ ត្រាំ ហ៊ានធ្វើមែន។

បញ្ជាការដ្ឋានប្រតិបត្តិការយោធា Khatam Al-Anbiya បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយទូរទស្សន៍រដ្ឋថា៖ «ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្តមែននោះ ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុងជាក់ជាមិនខាន ហើយគ្មានថ្ងៃបើកឡើងវិញទេ ទាល់តែរោងចក្រអគ្គិសនីដែលរងការបំផ្លាញនោះ ត្រូវបានសាងសង់ឡើងវិញរួចរាល់»។
កងទ័ពអ៊ីរ៉ង់បញ្ជាក់ថា ខ្លួនក៏នឹងវាយប្រហារផងដែរ លើរោងចក្រអគ្គិសនី ថាមពល និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) របស់អ៊ីស្រាអែល រួមជាមួយនឹងរោងចក្រអគ្គិសនីនៅក្នុងបណ្តាប្រទេសក្នុងតំបន់ណាដែលទទួលឲ្យមានមូលដ្ឋានទ័ពអាមេរិក និងក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិអាមេរិក។ វិធានការទាំងនេះនឹងត្រូវធ្វើឡើងដើម្បីការពារប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


