Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមក៏ធ្វើ លុយក៏យក! អ៊ីរ៉ង់ទារ​ប្រាក់​ពី​នាវា​១គ្រឿង​២លាន​ដុល្លារ ដើម្បី​ឆ្លង​កាត់​ច្រក Hormuz

បានផុស

នៅ

រឿងរ៉ាវនៅតំបន់មជ្ឈិមបូព៌ាកំពុងតែក្តៅគគុកខ្លាំង បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តទារលុយពីនាវាដឹកទំនិញធំៗរហូតដល់​២លានដុល្លារ ជាថ្នូរនឹងការអនុញ្ញាត​ឲ្យ​ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះ​បើយោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០២៦​ដោយ India Today។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alaeddin Boroujerdi ដែលជាសមាជិកសភាអ៊ីរ៉ង់ម្នាក់ បាននិយាយដោយត្រង់ៗថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពីអំណាចរបស់អ៊ីរ៉ង់ ក្នុងពេលដែលពួកគេកំពុងមានជម្លោះជាមួយអាមេរិក និងអ៊ីស្រាអែល។ លោកបានបញ្ជាក់ទៀតថា ដោយសារតែការធ្វើសង្គ្រាមត្រូវចំណាយលុយច្រើន ដូច្នេះអ៊ីរ៉ង់ត្រូវតែទារ «ថ្លៃសេវាផ្លូវទឹក» បែបនេះពីកប៉ាល់ទាំងឡាយណាដែលចង់ធ្វើដំណើរឆ្លងកាត់។

បញ្ហានេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនលើពិភពលោក ព្រោះច្រកសមុទ្រមួយនេះគឺជាផ្លូវទឹកដ៏សំខាន់បំផុត ដែលសម្បូរ​ទៅដោយការដឹកជញ្ជូនប្រេង និងហ្គាសរហូតដល់ទៅ ២០% នៃតម្រូវការសកល។ ទោះបីជាអ៊ីរ៉ង់បានបិទច្រកនេះតាំងពីដើមខែមីនាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា អ៊ីរ៉ង់មិនបានបិទចំពោះគ្រប់គ្នាឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ថា ពួកគេបិទផ្លូវសម្រាប់តែ «សត្រូវ» ប៉ុណ្ណោះ ចំណែកឯកប៉ាល់របស់ប្រទេសជប៉ុន ឥណ្ឌា និងប៉ាគីស្ថាន ហាក់ដូចជាអាចចរចាដើម្បីសុំឆ្លងកាត់បានខ្លះៗរួចទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណា សកម្មភាពនេះបានធ្វើឲ្យតម្លៃប្រេងសាំងនៅលើពិភពលោកហក់ឡើងថ្លៃខ្លាំង ព្រោះចរាចរណ៍ផ្លូវទឹកស្ទើរតែជាប់គាំងទាំងស្រុង។

ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់បញ្ជាដាច់ខាតឲ្យ​អ៊ីរ៉ង់បើកផ្លូវទឹកនេះឡើងវិញក្នុងរយៈពេល​៤៨ម៉ោង បើមិនដូច្នោះទេ អាមេរិកនឹងវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ជាមិនខាន។ ភ្លាមៗនោះ ខាងអ៊ីរ៉ង់ក៏បានតបវិញយ៉ាងចាស់ដៃថា បើអាមេរិកហ៊ានតែបាញ់មែន ពួកគេនឹងវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយនឹងបិទច្រកសមុទ្រនេះឲ្យ​ជិតឈឹងតែម្តង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម