Connect with us

ព័ត៌មានជាតិ

ថៃមិន​អាច​លុប​ MOU ឆ្នាំ២០០០ បានទេ ដោយអ្នកវិភាគ ថា ជាការគេចវេះរបស់ថៃពីយន្តការច្បាប់ ក្នុងពេលកំពុងឈ្លានពានកម្ពុជា

បានផុស

នៅ

គណៈកម្មការពិសេសរបស់ព្រឹទ្ធសភាថៃ កាលពីថ្ងៃអង្គារ បានឯកភាពគ្នាក្នុងការស្នើឱ្យលុបចោលកិច្ចព្រមព្រៀងព្រំដែន ដែលបានធ្វើជាមួយកម្ពុជាក្នុងឆ្នាំ២០០០ នោះគឺអនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា លេខ៤៣ (MOU៤៣) ខណៈដែលគណៈកម្មការដដែលនេះ ក៏បានគាំទ្រផងដែរដល់ការលុបចោល MOU៤៤។ បំណងចង់លុបនូវកិច្ចព្រមព្រៀង ដោយភាគីថៃនេះ ត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា មើលឃើញថា គឺមិនអាចធ្វើដោយឯកតោភាគីទៅរួចបានឡើយ ហើយថា នេះគ្រាន់ជាចេតនានយោបាយក្នុងការគេចវេះរបស់ថៃពីយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះក្នុងពេលដែលខ្លួនកំពុងឈ្លានពានកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ លើកឡើងថា ប្រទេសថៃមានបំណងលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ជាការគេចវេះពីយន្តការទាំងឡាយណា ដែលសំដៅលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ តាមបណ្ឌិត យង់ ពៅ ថៃចង់បានការដោះស្រាយដោយការប្រើប្រាស់កម្លាំងយោធា ក្នុងការធ្វើសង្គ្រាមឈ្លានពានលើកម្ពុជា។

បើថៃនៅតែមានបំណងដើម្បីលុប MOU នេះ លោកថា ថៃបានប្រមាថដល់មហាក្សត្រខ្លួនឯង និងប្រមាថដល់ប្រទេសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ព្រោះថា MOU ឆ្នាំ២០០០ គឺធ្វើឡើងដោយយោងតាមសន្ធិសញ្ញា ដែលបានចុះហត្ថលេខាទទួលស្គាល់ដោយព្រះមហាក្សត្រថៃផ្ទាល់ ជាមួយនឹងប្រធានាធិបតីបារាំង រួមជាមួយសន្ធិសញ្ញា និងអនុសញ្ញានានាផ្សេងៗទៀត។ ដូច្នេះ MOU នេះ បានបញ្ជាក់នូវសំណុំឯកសារ ដែលត្រូវដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ហើយព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលត្រូវដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ក៏ដូចជាយន្តការបច្ចេកទេស។

បណ្ឌិត យង់ ពៅ និយាយថា យោធាមិនអាចទៅដោះស្រាយការងារព្រំដែនបានទេ ខណៈប្រទេសទាំងពីរមានយន្តការស្រាប់ទៅហើយ។ លោក សង្កត់ធ្ងន់ថា«អ្វីដែលថៃកំពុងធ្វើនេះ គឺកំពុងតែបំពានមរតកខ្លួនឯង បំពានមហាក្សត្រខ្លួនឯង ប្រមាថដល់ប្រទេសខ្លួនឯង ប្រមាថដល់សន្ធិសញ្ញា ប្រមាថទៅដល់អង្គការសហប្រជាជាតិ និងការប្រមាថដល់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា»។

តាមការចុះផ្សាយរបស់​សារព័ត៌មាន Khaosod របស់ថៃ បានឱ្យដឹងថា សំណើលុបចោលកិច្ចព្រមព្រៀងព្រំដែន ដែលទទួលបានការឯកភាពពីគណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងត្រូវដាក់ឱ្យព្រឹទ្ធសភាដើម្បីបោះឆ្នោតអនុម័តនៅខែមេសាខាងមុខ បន្ទាប់ពីគណៈរដ្ឋមន្រ្តីថៃចូលកាន់តំណែងផ្លូវការ។

លោក ថុង ម៉េងដាវីត អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ថា ការលើកឡើងរបស់ថៃជាកិច្ចការផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ ដែលបញ្ហាទាំងនេះ លោក ថា គ្រាន់ជាលេស ក៏ដូចជាបានបង្ហាញឱ្យឃើញថា ថៃគ្មានឆន្ទៈផ្នែកនយោបាយក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។

សម្រាប់លោក ដាវីត នេះក៏ជាចំណុចមួយដែលរដ្ឋាភិបាលថ្មីរបស់ថៃ លើកឡើងដើម្បីបង្ហាញពីអំណាច និងឥទ្ធិពលខ្លួន ក្នុងការចរចាលើកិច្ចការព្រំដែនជាមួយកម្ពុជា ក៏ដូចជាបង្ហាញថា រដ្ឋាភិបាលរបស់លោក អនុទីន មានសិទ្ធិ មានអំណាចគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកម្ពុជា។ ខណៈកងទ័ពថៃ គឺកំពុងតែឈ្លានពានកាន់កាប់ដែនអធិបតេយ្យរបស់កម្ពុជា។

ទាក់ទងការលុបចោលដោយឯកតោភាគីពីសំណាក់ភាគីថៃ ពាក់ព័ន្ធនឹង MOU៤៣ ក៏ដូចជាMOU៤៤ ក្នុងការកំណត់ព្រំដែនជាមួយកម្ពុជានេះ លោក ថា ផ្អែកលើច្បាប់អន្តរជាតិ គឺថៃមានសិទ្ធិក្នុងការលុបចោលបាន ប្រសិនបើរដ្ឋាភិបាល ក៏ដូចជាសភាគាំទ្រ ប៉ុន្តែថៃនៅតែជាប់កាតព្វកិច្ចទ្វេភាគីជាមួយកម្ពុជា ប្រសិនបើកម្ពុជាបដិសេធ។ មានន័យថា បើធ្វើដោយឯកតោភាគី គឺអាចធ្វើបាន តែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ។

លោក ថុង ម៉េងដាវីត និយាយថា សូម្បីក្នុងប្រទេសថៃក៏ដោយ ការលុបចោលជាឯកតោភាគី តាមរយៈដំណើរការនៅក្នុងស្រុកតែឯកតោភាគី អាចធ្វើទៅបាន ប៉ុន្តែលុះត្រាតែប្រទេសថៃធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ឬរកឃើញចន្លោះប្រហោងក្នុងរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតិឱ្យថៃរួចផុតពីការត្រួតពិនិត្យរបស់ស្ថាប័នតុលាការជាតិ និងអន្តរជាតិ។ លោក សង្កត់ធ្ងន់ថា MOU អាចលុបចោលបាន លុះត្រាតែភាគីទាំងពីរយល់ព្រម។

កន្លងមក អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា ធ្លាប់បានពន្យល់ថា MOU ឆ្នាំ២០០០ មិនមានកាលបរិច្ឆេទផុតកំណត់ ហើយក៏មិនមានបទប្បញ្ញត្តិចែងអំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគីទេ។ លោក អះអាងថា MOU នេះត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម