Connect with us

ព័ត៌មានជាតិ

កសិករធ្វើស្ករត្នោតនៅស្រុកទឹកឈូ ស្នើឲ្យជួយគាំទ្រដើម្បីកុំឲ្យបាត់បង់

បានផុស

នៅ

កសិករធ្វើស្ករត្នោតនៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានស្នើឲ្យពលរដ្ឋខ្មែរជួយគាំទ្រដើម្បីកំឲ្យបាត់បង់ ខណៈស្ករត្នោតដែលពួកគាត់ធ្វើមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ធ្វើចេញពីទឹកត្នោតធម្មជាតិពិតៗ។ ស្ករត្នោតធម្មជាតិដែលពួកគាត់ធ្វើបាន គឺលក់ក្នុងតម្លៃចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ កប ជាប្រជាកសិកររស់នៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ប្រាប់ឱ្យដឹងថា ស្ករត្នោតរបស់លោកមានរស់ជាតិផ្អែមឈ្ងុយ ពណ៌សស្អាត តម្លៃចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ការធ្វើស្ករត្នោតពិបាកប្រឈមគ្រោះថ្នាក់ដល់ជីវិត បច្ចុប្បន្នអ្នកធ្វើស្ករត្នោតនៅសល់ប្រមាណ២០គ្រួសារប៉ុណ្ណោះ។ លោក ឆាយ កប ស្នើឲ្យប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធររួមគ្នាគាំទ្រស្ករត្នោតខ្មែរ ដើម្បីជួយជីវភាពកសិករ និងថែររក្សាប្រពៃណីផលិតស្ករត្នោតកុំឲ្យបាត់បង់។ បើតាមលោក ឆាយ កប លោកបានចាប់ផ្តើមចេះធ្វើស្ករត្នោតនៅឆ្នាំ២០១៨ គឺចេះតពីឪពុករបស់លោក ដែលបានឡើងត្នោតជាង៤០ឆ្នាំមកហើយ។

កសិករដែលមានបងប្អូនបង្កើត៧ នាក់ ស្រីបួន សុទ្ធជាអ្នកឡើងត្នោតរួបនោះ បានបញ្ជាក់ថា ជីវិតរបស់គ្រួសារគេរស់បានមកដល់ថ្ងៃនេះដោយសារតែដំណក់ទឹកត្នោតមួយតក់ៗ ចូលក្នុងបំពង់ដែលគាត់តែឡើងយកជារៀងរាល់ថ្ងៃ ដើម្បីយកមករម្ងាស់ធ្វើស្ករ។ របរឡើងត្នោតប្រឈមគ្រោះថ្នាក់ដល់ជីវិត ទាមទារឲ្យលោកប្រុងប្រយ័ត្នខ្ពស់ ហើយមិនដែលហ៊ានទទួលទានគ្រឿងស្រវឹងទេគ្រោះថ្នាក់។

លោកបានបន្តថា ស្ករត្នោតរបស់លោកជាស្ករធម្មជាតិសុទ្ធសាធ រស់ជាតិផ្អែមឈ្ងុយ ពណ៌សស្អាត និងមានអ្នកគាំទ្រទិញយកទៅប្រើប្រាស់ច្រើន ខណៈដែលតម្លៃក៏បានសមរម្យ លោកក៏ថ្លែងអំណរគុណ និងសូមឲ្យជួយបន្តគាំទ្របន្តទៀត។

មន្ត្រីបច្ចេកទេសកសិកម្មឃុំកណ្តោល លោក នៅ វ៉ាន់ឌី បានប្រាប់ឲ្យដឹងថា ក្នុងឃុំមានអ្នកភូមិអន្លង់គគី ប្រមាណ២០​គ្រួសារនៅធ្វើស្ករត្នោតមានគុណភាព និងទីផ្សារស្ករត្នោតនៅក្នុងភូមិគគីបានល្អប្រសើរ ទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ និងអ្នកទទួលទាន។ តែទោះជាយ៉ាងណាក៏ដោយ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់របស់លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ រូបលោកសហការជាមួយអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធ នឹងជួយធ្វើយ៉ាងណាឲ្យស្ករត្នោតរបស់កសិករកាន់តែមានអនាម័យ គុណភាព និងលក់បានតម្លៃខ្ពស់។

បើតាមការបញ្ជាក់ កាលពីមុនអ្នកភូមិអន្លង់គគីស្ទើរទាំងអស់ប្រកបមុខរបរឡើងត្នោត ក្រោយពេលរដូវច្រូតកាត់រួច។ ចំពោះអ្នកអត់មានដើមត្នោតច្រើន ត្រូវជួលត្នោតគេមួយដើមឈ្នួលជាស្ករ៣គីឡូក្រាម ក្នុងមួយឆ្នាំ។ ដើមត្នោតកាន់តែខ្ពស់ កាន់តែមានទឹកច្រើន ខណៈដែលទឹកត្នោតចេញពីផ្ការត្នោតញី ថ្លា និងផ្អែមជាងទឹកត្នោតចេញពីផ្កាត្នោតឈ្មោល៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម