Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីសភា អ៊ីរ៉ង់ ព្រមានកុំឲ្យយកជម្លោះផ្ទៃក្នុងមកបង្ហាញជាសាធារណៈ អំឡុងពេលមានសង្គ្រាម

បានផុស

នៅ

​សមាជិកនៃ​ក្រុមប្រឹក្សា​ប្រធាន​សភា​អ៊ីរ៉ង់ លោក Ahmad Naderi កាលពីថ្ងៃទី ២ ខែមិថុនា បានអំពាវនាវដល់ក្រុមដអ្នកនយោបាយទាំងអស់ ឲ្យបង្ហាញពី «ការរួបរួម​គ្នា​ក្នុងកម្លាំងតែមួយ» ប្រសើរជាងយកជម្លោះខ្វែងគំនិតគ្នាមកលាតត្រដាង​​​ហែ​ក​​ជា​សាធារណៈ នៅពេលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម ។

លោក Ahmad Naderi សមាជិកសភា សមាជិក​នៃ​គណៈប្រធាន​សភា​អ៊ីរ៉ង់ និង​ជា​តំណាង​រាស្ត្រ​នៃ​ទីក្រុង​តេហេរ៉ង់​ក្នុង​សភា (រូបថត៖ Iran International)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយ​នៃ​សារព័ត៌មាន Iran International លោក Naderi បានអះអាងថា ការខ្វែងគំនិតគ្នាលើបញ្ហាសេដ្ឋកិច្ច នយោបាយការបរទេស ឬរបៀបគ្រប់គ្រងប្រទេស គឺជារឿង «ធម្មតានៅក្នុងសង្គម» និងអាចរួមចំណែកដល់ការកែលម្អដំណើរការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែ ការយកការខ្វែងគំនិតទាំងនេះមកបង្ហាញជាសាធារណៈ ហើយបង្វែរវាទៅជាការប្រឈមមុខដាក់គ្នាតាមផ្លូវនយោបាយ គឺជារឿងដែលគួរឲ្យព្រួយបារម្ភ។

លោក បានលើកឡើងថា ជម្លោះជាសាធារណៈដែលមានបំណងញុះញង់មតិសាធារណៈ ការកៀរគរបក្សពួក ឬការទូទាត់សងសឹកខាងនយោបាយ នឹងបំផ្លាញដល់សាមគ្គីភាពជាតិដោយផ្ទាល់។ បន្ទាប់ពីបរាជ័យនៅលើសមរភូមិយោធា ក្រុមអ្នកប្រឆាំងនឹងអ៊ីរ៉ង់កំពុងផ្តោតលើការកេងចំណេញពីការបែកបាក់ក្នុងសង្គម និងនយោបាយ ដើម្បីធ្វើឲ្យប្រទេសអ៊ីរ៉ង់ចុះខ្សោយ។ លោកបានសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់ប្រជាជន គឺជាសញ្ញាណដ៏សំខាន់បំផុតនៃកម្លាំងរបស់អ៊ីរ៉ង់។

លោកក៏បានគូសបញ្ជាក់ថា សមរភូមិមិនត្រឹមតែមានកម្រិតនៅក្នុងវិស័យយោធាប៉ុណ្ណោះទេ ប៉ុន្តែវិស័យការទូតក៏ជាផ្នែកមួយនៃការប្រឈមមុខដាក់គ្នាផងដែរ។ មន្ត្រីសភាអ៊ីរ៉ង់រូបនេះបានទទួលស្គាល់ថា អាចមានទស្សនៈខុសៗគ្នាជាច្រើន​លើ​សេចក្តី​សម្រេចចិត្តធំៗនៅក្នុងប្រទេស ជាពិសេសទាក់ទងនឹងការចរចា ឬរបៀបដោះស្រាយជាមួយអាមេរិក និងអ៊ីស្រាអែល។

លោក Naderi បានថ្លែងថា គ្រប់កម្លាំងនយោបាយ ក្រុមអ្នកចេះដឹង និងថ្នាក់ដឹកនាំទាំងអស់ដែលថ្លែងការណ៍ជាសាធារណៈ ចាំបាច់ត្រូវកែសម្រួលជំហររបស់ខ្លួនឲ្យស្របទៅតាមការណែនាំរបស់មេដឹកនាំកំពូល លោក Mojtaba Khamenei ជាពិសេសលើបញ្ហាយុទ្ធសាស្ត្រ។

ការលើកឡើងនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសនេះបានផ្អាកការចរចាដោយប្រយោលជាមួយអាមេរិក ហើយកំពុងពិចារណាបញ្ចប់ការឈប់បាញ់ ដោយសារតែការបង្កើនអរិភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ កាលពីថ្ងៃទី ៧ ខែឧសភា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ  បាននិយាយថា ប្រព័ន្ធប្រតិបត្តិការរបស់អ៊ីរ៉ង់ «នៅតែមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ និងគ្មានប្រសិទ្ធភាព» ដែលជាឧបសគ្គដល់វឌ្ឍនភាពនៃការចរចា។

គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងចាប់តាំងពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៨ កុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei និងនាំឲ្យ Mojtaba Khamenei ឡើងស្នងតំណែង។ ជម្លោះអូសបន្លាយ ៣ខែមកនេះបានបិទផ្លូវនាវាចរណ៍សំខាន់ៗ និងបង្កឲ្យមានវិបត្តិថាមពលសកល រួមជាមួយការជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរ។ ជាក់ស្ដែង ផ្ទៃក្នុងអ៊ីរ៉ង់ក៏កំពុងជួបវិបត្តិបែកបាក់ និងការចរចាយឺតយ៉ាវ ដែលនាំឲ្យមានការព្រមានអំពីសាមគ្គីភាពជាតិ ក្នុងពេលដែលអ៊ីស្រាអែល កំពុងវាយលុកក្រុមហេសបូឡានៅលីបង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម