Connect with us

ព័ត៌មានអន្ដរជាតិ

តើចំណងមិត្តភាពល្អូកល្អិន​រាប់​ទសវត្សរ៍​រវាង​ ត្រាំ និង ណេតាន់យ៉ាហ៊ូ ដល់ផ្លូវបំបែកមែនទេ?

បានផុស

នៅ

ទំនាក់ទំនងយុទ្ធសាស្ត្រ និងសម្ព័ន្ធភាពដ៏រឹងមាំរវាងអាមេរិក និងអ៊ីស្រាអែល កំពុងជួបប្រទះនូវភាពរង្គោះរង្គើជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានការលេចធ្លាយព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទដ៏ក្តៅគគុក និងពោរពេញដោយពាក្យសម្តីអសុរោះ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ផ្តាច់មុខពីគេហទំព័រព័ត៌មាន Axios លោក ត្រាំ បានផ្ទុះកំហឹងយ៉ាងខ្លាំងរហូតដល់ប្រើប្រាស់ពាក្យសម្តីធ្ងន់ៗជាច្រើន ដើម្បីព្រមានលោក ណេតាន់យ៉ាហ៊ូ ឲ្យបញ្ឈប់រាល់ការគំរាមកំហែង និងការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ប្រទេសលីបង់។ ការលេចធ្លាយនេះបានកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតរបស់សេតវិមានក្នុងការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ កំពុងប្រឈមនឹងការដួលរលំ ដោយសារតែការបង្កើនអរិភាពយោធារបស់អ៊ីស្រាអែល។

មូលហេតុចម្បងដែលនាំឲ្យលោក ត្រាំ ផ្ទុះកំហឹងមិនធ្លាប់មានបែបនេះ គឺដោយសារតែសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល បានធ្វើឲ្យរាំងស្ទះដល់យុទ្ធសាស្ត្រការទូតដ៏ធំបំផុតរបស់លោក។ ទីក្រុងតេហេរ៉ង់ទើបតែបានប្រកាសផ្អាកការចរចាឈប់បាញ់ដោយប្រយោលជាមួយវ៉ាស៊ីនតោន ដោយយកលេសថា អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើលីបង់ ដែលធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាព ស្ទើរតែត្រូវរលាយដូចអំបិលត្រូវទឹក។

ទោះបីជាដឹងថា ត្រាំ ខឹងសម្បារយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញជំហររឹងរូស និងមិនព្រមថយក្រោយឡើយ។ យោងតាមសារដែលលោកបានបង្ហោះនៅលើបណ្តាញសង្គម X បន្ទាប់ពីការជជែកគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា អ៊ីស្រាអែលនឹងនៅតែបន្តវាយប្រហារលើគោលដៅភេរវកម្មនៅក្នុងទីក្រុងបេរូត បើក្រុមហេសបូឡា មិនព្រមបញ្ឈប់ការបាញ់រ៉ុក្កែតលើទីក្រុងរបស់ខ្លួន ហើយកងទ័ពការពារជាតិអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការទៅតាមផែនការដែលបានកំណត់ទុកដដែល។

វិបត្តិការទូតរវាងមេដឹកនាំទាំងពីរបានរុញច្រានចំណងមិត្តភាពអាមេរិក-អ៊ីស្រាអែល ឲ្យដើរមកដល់ផ្លូវបំបែកដ៏គ្រោះថ្នាក់មួយ។ ជាក់ស្ដែង លោក ត្រាំ បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងផ្ទាល់ជាមួយលោក ណេតាន់យ៉ាហ៊ូ មួយរយៈពេល ក្រោមការផ្តល់ប្រឹក្សាពីជំនួយការជិតស្និទ្ធ ដែលយល់ថាប្រធានាធិបតីអាមេរិកកំពុងត្រូវបានលោក ណេតាន់យ៉ាហ៊ូ ប្រើប្រាស់ដើម្បីកេងចំណេញខាងនយោបាយផ្ទាល់ខ្លួន។

ភាពតានតឹងនេះត្រូវបានបន្ថែមទម្ងន់ ដោយសារតែអ៊ីស្រាអែលខកខានមិនបានផ្តល់យុទ្ធសាស្ត្រច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ក្រុមហូធី និងជម្លោះនៅហ្គាហ្សា ដែលធ្វើឲ្យរដ្ឋបាលត្រាំ យល់ថា អ៊ីស្រាអែលមានអាកប្បកិរិយាច្រឡើសបើស និងព្យាយាមអូសទាញអាមេរិកឲ្យចូលក្នុងសង្គ្រាមមិនចេះចប់មិនចេះហើយ។

ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លានេះឆ្លុះបញ្ចាំងឲ្យឃើញថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរលែងជាសម្ព័ន្ធភាពដែលមិនអាចរំលោភបំពានបានទៀតហើយ ប៉ុន្តែវាបានប្រែក្លាយទៅជាទំនាក់ទំនងផ្អែកលើផលប្រយោជន៍ និងការដោះដូរនយោបាយជាក់ស្តែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ​ ដាក់​លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញ​​​ផ្លូវ​ទៅរកសន្តិភាព​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម