Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ​ ដាក់​លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញ​​​ផ្លូវ​ទៅរកសន្តិភាព​

បានផុស

នៅ

​សេចក្តី​រាយការណ៍​​​របស់​សារព័ត៌មាន​អាមេរិក បាន​ឲ្យ​ដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ទុះកំហឹងយ៉ាងខ្លាំងដាក់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងកំឡុងពេលសន្ទនា​តាមទូរស័ព្ទ នៅថ្ងៃ ទី២ ខែមិថុនា នេះ ដោយបានជេរប្រមាថចំៗថា «ឯងឆ្កួតហើយ» ក្នុងពេលដែលលោកដាក់ឱសានវាទបង្ខំឲ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេសបូឡានៅលីបង់ ព្រមទាំងបានទម្លាយទៀតថា ណេតាន់យ៉ាហ៊ូ ជំពាក់គុណ​លោក​ យ៉ាងធំធេងក្នុងការជួយធ្វើឲ្យរួចផុតពីការជាប់ពន្ធនាគារ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Axios បានស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់ ដែលបាន​ផ្តល់​ខ្លឹមសារសង្ខេប​ពី​ការ​ព្រមានរបស់លោក ត្រាំ ផ្ញើជូនលោក ណេតាន់យ៉ាហ៊ូ  ដូចតទៅ៖ «ឯងពិតជាឆ្កួតមែន! បើគ្មានយើងទេ ឯងប្រហែលជាត្រូវដេកក្នុងគុកបាត់ទៅហើយ។ គឺយើងនេះហើយជាអ្នកជួយសង្គ្រោះជីវិតរបស់ឯង។ ឥឡូវនេះ មនុស្សគ្រប់គ្នាស្អប់ឯងណាស់ ហើយគ្រប់គ្នាក៏ស្អប់ប្រទេសអ៊ីស្រាអែល ដោយសារតែរឿងនេះដែរ»។

ទោះបីជា បណ្តាមន្ត្រីអាមេរិកបានប្រាប់គេហទំព័រព័ត៌មានខាងលើថា លោក ត្រាំ បានដឹងច្បាស់ថា ក្រុមហេសបូឡា បានបាញ់ប្រហារឥតឈប់ឈរមកលើអ៊ីស្រាអែល ហើយទីក្រុងហ្សេរុយសាឡឹម [អ៊ីស្រាអែល​] មានសិទ្ធិពេញច្បាប់ក្នុងការវាយបកវិញក៏ដោយ ប៉ុន្តែលោកប្រធានាធិបតីយល់ឃើញថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយបកវិញលើសទំហំខុសពីធម្មតាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលទង្វើនេះកំពុងបង្កើតហានិភ័យបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការស្វែងរកការពង្រឹងបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ ដ្បិតទីក្រុងតេហេរ៉ង់បានដាក់លក្ខខណ្ឌថា នឹងព្រមព្រៀង លុះត្រាតែមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ជាមុនសិន។

មន្ត្រីអាមេរិករូបនោះបានប្រាប់ Axios ទៀតថា លោក ត្រាំ បានប្រើអំណាច «គាបសង្កត់ទាំងស្រុង» លើ លោក ណេតាន់យ៉ាហ៊ូ នៅក្នុងកិច្ចសន្ទនានោះ រហូតធ្វើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល តបវិញទាំងបង្ខំចិត្តថា «បាទៗ យល់ព្រម! គ្រាន់តែសូមជួយធានាថា គ្រប់យ៉ាងត្រូវបានរៀបចំចាត់ចែងដោយរលូនទៅបានហើយ»។

ប្រភពពីមន្ត្រីអាមេរិក ក៏បានបញ្ជាក់បន្ថែមដែរថា ការដែលលោក ត្រាំ និយាយរំលឹក លោក ណេតាន់យ៉ាហ៊ូ ពីរឿងជួយធ្វើឲ្យរួចផុតពីការជាប់គុកនោះ គឺសំដៅទៅលើការដែលលោកត្រាំ ធ្លាប់បានដាក់សម្ពាធជាសាធារណៈម្តងហើយម្តងទៀត ជំរុញឲ្យប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ព្រមចេញលិខិតលើកលែងទោសដល់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការកាត់ក្តីដ៏វែងឆ្ងាយពីបទពុករលួយ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ មិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើសុំការបំភ្លឺជុំវិញការលេចធ្លាយព័ត៌មាននេះនៅឡើយទេ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម