Connect with us

ព័ត៌មានអន្ដរជាតិ

តើអ៊ីស្រាអែល បានប្រភពចំណូលពីណាខ្លះ ដើម្បីមកគាំទ្រសង្រ្គាមដ៏រ៉ាំរ៉ៃ នៅមជ្ឈិមបូព៌ា?

បានផុស

នៅ

សង្រ្គាមដ៏អូសបន្លាយ​នៅតំបន់មជ្ឈិមបូព៌ា ជាច្រើនខែកន្លងមកនេះ បានក្លាយជាបន្ទុកហិរញ្ញវត្ថុដ៏ធំធេងមួយ សម្រាប់ប្រទេសអ៊ីស្រាអែល ដោយ​យោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មានសេដ្ឋកិច្ចល្បីៗ ដូចជា ទីភ្នាក់ងារសារព័ត៌មាន Bloomberg និងទស្សនាវដ្តី The Economist សង្រ្គាមមួយនេះ ត្រូវ​គេប៉ាន់ប្រមាណថា បានចំណាយអស់ជាង ១១២ពាន់លានដុល្លាររួចទៅហើយ ទាំងលើការទិញអាវុធ ការចល័តទ័ពបម្រុង និងការស្តារសេដ្ឋកិច្ចឡើងវិញ គិត​ចាប់តាំង​ពីខែ​តុលា ឆ្នាំ​២០២៣ ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២៦ នេះ។ សំណួរដ៏ធំ ដែលមនុស្សជាច្រើនចង់ដឹងនោះគឺ តើរដ្ឋាភិបាលអ៊ីស្រាអែលរកលុយពីណាបានច្រើនម៉្លេះ ដើម្បីមកបម្រើឱ្យការធ្វើសង្រ្គាមដ៏យូរអង្វែងបែបនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការវិភាគពីរដ្ឋបាលថវិការបស់អ៊ីស្រាអែល និងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ប្រភពចំណូល និងកញ្ចប់ថវិកា ដែលអ៊ីស្រាអែលយកមកប្រើប្រាស់ ក្នុងសង្រ្គាម មានប្រភពសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

១. កម្ចីបរទេស និងការបោះផ្សាយលក់ប័ណ្ណបំណុល

ប្រភពហិរញ្ញវត្ថុបន្ទាន់បំផុតមួយរបស់អ៊ីស្រាអែល គឺការខ្ចីលុយពីទីផ្សារអន្តរជាតិ។ យោងតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល និងសារព័ត៌មាន Reuters អ៊ីស្រាអែលបានបោះផ្សាយលក់ «ប័ណ្ណបំណុលសង្រ្គាម (War Bonds)» រាប់ពាន់លានដុល្លារទៅឱ្យវិនិយោគិនបរទេស ជាពិសេសសហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោក និងស្ថាប័នហិរញ្ញវត្ថុធំៗនៅសហរដ្ឋអាមេរិក។ ការធ្វើបែបនេះ អនុញ្ញាតឱ្យពួកគេប្រមូលសាច់ប្រាក់បានភ្លាមៗ ដើម្បីយកទៅទិញគ្រាប់រំសេវ និងសម្ភារៈយោធា។

២. ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក

វាមិនមែនជាការសម្ងាត់នោះទេ ដែលថា សហរដ្ឋអាមេរិក គឺជាបង្អែកហិរញ្ញវត្ថុ និងយោធាដ៏ធំបំផុតរបស់អ៊ីស្រាអែល។ យោងតាម​ទី​ភ្នាក់ងារ​ស្រាវជ្រាវសភាអាមេរិក (Congressional Research Service) ជារៀងរាល់ឆ្នាំ អ៊ីស្រាអែលទទួលបានជំនួយយោធាថេរ​ប្រមាណ​ ៣,៨ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៅទៀត ចាប់តាំងពីសង្រ្គាម​ផ្ទុះឡើង កញ្ចប់ថវិកាជំនួយបន្ទាន់រាប់ពាន់លានដុល្លារបន្ថែមទៀត ត្រូវបានអនុម័តដោយសភាអាមេរិក ដើម្បីជួយបំពេញបន្ថែមនូវប្រព័ន្ធការពារទប់ទល់នឹងគ្រាប់រ៉ុកកែត Iron Dome និងការផ្គត់ផ្គង់អាវុធទំនើបៗ។

៣. ការកែសម្រួលថវិកាជាតិ និងការយកពន្ធផ្ទៃក្នុង

ប្រភពចំណូលដ៏រឹងមាំមួយទៀត គឺបានមកពីសេដ្ឋកិច្ចផ្ទៃក្នុងរបស់អ៊ីស្រាអែលផ្ទាល់។ ទោះបីជាវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យា ជួបការរអាក់រអួលដោយសារសង្រ្គាមក៏ដោយ ក៏រដ្ឋាភិបាលអ៊ីស្រាអែល បានចាត់វិធានការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) និងកាត់បន្ថយថវិកាមិនចាំបាច់របស់ក្រសួងស៊ីវិលផ្សេងៗ ដើម្បីបង្វែរថវិកាទាំងនោះទៅឱ្យវិស័យការពារជាតិវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតហិរញ្ញវត្ថុអ៊ីស្រាអែល Globes។

៤. មូលនិធិបម្រុងបរទេសរបស់ធនាគារកណ្តាល

មុនពេលសង្រ្គាមចាប់ផ្តើម អ៊ីស្រាអែលមានប្រាក់បម្រុងបរទេស (Foreign Exchange Reserves) យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺមានតម្លៃរហូតដល់ទៅជិត ២០០ពាន់លានដុល្លារ។ ធនាគារកណ្តាលនៃប្រទេសអ៊ីស្រាអែល បានប្រើប្រាស់ប្រាក់បម្រុងមួយផ្នែកធំនេះ ដើម្បីជួយទប់លំនឹងតម្លៃលុយ Shekel របស់ខ្លួន និងធានាថា រដ្ឋាភិបាលមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ក្នុងការចំណាយលើកិច្ចការបន្ទាន់ៗ ដោយមិនឱ្យសេដ្ឋកិច្ចជាតិដួលរលំ។

សរុបមក ថ្វីត្បិតតែសង្រ្គាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អ៊ីស្រាអែល និងបង្កឱ្យមានឱនភាពថវិកា រហូតដល់កម្រិតខ្ពស់ក៏ដោយ ក៏សម្ព័ន្ធភាពនយោបាយដ៏រឹងមាំជាមួយលោកខាងលិច រួមផ្សំការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ បានជួយឱ្យអ៊ីស្រាអែលនៅតែអាចបន្តស្វែងរក «លុយ» មកបំពេញម៉ាស៊ីនសង្រ្គាមរបស់ខ្លួនបាន រហូតមកដល់ពេលនេះ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម