ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ

កំពង់ចាម ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិាករ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ក្នុងការផលិតមាតិកា ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយមចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។

លោកថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មានសាធារណមតិ និងការអនុវត្តន៍យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោកអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការផលិតមាតិកាឌីជីថលនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវទៅតាមការនិយមចូលចិត្តរបស់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ។ គោលបំណងសំខាន់នៃការបង្កើតមាតិកាដ៏មានភាពទាក់ទាញ និងច្នៃប្រឌិតទាំងនេះ គឺដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា តាមរយៈការកែប្រែទម្រង់នៃការផលិតមាតិកាឱ្យមានភាពរស់រវើក វានឹងជួយឱ្យសារអប់រំ និងព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជនបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។

លោក ទេព អស្នារិទ្ធ ក៏បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារបច្ចេកទេស និងការបង្កើតទម្រង់មាតិកាថ្មីៗ ដើម្បីធានាថាព័ត៌មានពិត និងមានប្រយោជន៍ អាចជ្រាបចូលទៅដល់គ្រប់ស្រទាប់វណ្ណៈក្នុងសហគមន៍បានយ៉ាងទូលំទូលាយ។

នាឱកាសនោះដែរ លោក ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានាទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់សាធារណជនមកលើរដ្ឋបាលសាធារណៈ។

លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាមបានទទួលយកនូវអនុសាសន៍នេះ ហើយនឹងខិតខំប្រឹងប្រែងបង្កើនការច្នៃប្រឌិតក្នុងការផលិតមាតិកាថ្មីៗ ដើម្បីទាក់ទាញយុវវ័យ ព្រមទាំងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


