Connect with us

ព័ត៌មានជាតិ

សូម​ពលករខ្មែរនៅថៃ កុំអាលទាន់ឆ្លងដែនវិលត្រឡប់មកស្រុកវិញ

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរដែលកំពុងស្នាក់នៅឬធ្វើការនៅប្រទេសថៃ កុំអាលទាន់ឆ្លងដែនវិលត្រឡប់មកស្រុកវិញដោយសារព្រំដែនបានបិទហើយ។

តាមរយៈទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែកក្កដា  លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូន​ដំណឹង​ដល់​បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ដោយសារព្រំដែនបានបិទ។ បើទោះបីមានធុរៈចាំបាច់ ឬចប់ការងារដែលត្រូវវិលត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បានបន្តទៀតថា ចំពោះមុខនេះ ប្រសិនបើពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ចំណែកម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបំរាមរបស់អាជ្ញាធរថៃ ក៏​ត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)។ប៉ុន្តែអនុញ្ញាតឱ្យតែការដឹកទំនិញ និងការធ្វើដំណើរចាំបាច់តែប៉ុណ្ណោះ។

លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថាវីរុសបំប្លែងថ្មីដែលតាមានការចម្លង​លឿន​បានឆ្លងចូលក្នុងសហគន៍ ប៉ុន្តែនៅមិនទាន់ឆ្លងជាលក្ខណៈទូលំទូលាយនៅឡើយទេ។

លោកស្រីបានបន្តថា ដោយសារតែវីរុសដែលតាបានឆ្លងចូលសហគនមន៍ ទើបរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ ដើម្បីឃុំគ្រងវីរុសដែលតា កុំឱ្យចេញទៅទីតាំងផ្សេងទៀតនិងប្រើតេស្តរហ័សស្វែងរកវីរុសពពួកមេរោគអាល់ហ្វានិងដែលតាឱ្យបានលឿន ដើម្បីទប់ស្កាត់កុំឱ្យចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ព្រោះវីរុសនេះមានការឆ្លងលឿន។

លោកស្រីបានបន្តទៀតថា ការឆ្លងវីរុសបំប្លែងថ្មីនេះ ដោយសាររកឃើញក្នុងចំណោមបងប្អូនពលករត្រឡប់មកពីថៃ ដែលបានឆ្លងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជាបន្តបន្ទាប់។

យោងតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន១១៤នាក់ស្ត្រី៥៩នាក់។ ក្នុងចំណោមអ្នកឆ្លងចំនួន១១៤នាក់ក្នុងនោះរកឃើញនៅថ្ងៃទី២២កក្កដានិងថ្ងៃទី២៥កក្កដា មានចំនួន៣៩នាក់ស្រី១៩នាក់។

ក្នុងចំណោមអ្នក៣៩នាក់ មានអ្នកដំណើរមកពីប្រទេសថៃចំនួន២១នាក់ស្រី១១នាក់ បុគ្គលិកសុខាភិបាល៤នាក់ស្រី១នាក់ ប្រជាជនសហគមន៍ប៉ះពាល់ផ្ទាល់ចំនួន៦នាក់ស្រី៣នាក់និងប្រជាជនប៉ះពាល់មិនផ្ទាល់ចំនួន៨នាក់ស្រី៤នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម