Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ ​២ថ្ងៃ​ជាប់​គ្នា ដោយ​ចោទ​ទីក្រុង​តេហេរ៉ង់​ថា រំលោភ​លើកិច្ច​ព្រមព្រៀង

បានផុស

នៅ

ស្ថាន​ភាព​​នៅ​មជ្ឈិម​បូព៌ា​កាន់​តែ​​មាន​ភាព​តាន​តឹង​ជា​ថ្មី​​កាល​ពី​ថ្ងៃ​សុក្រ ទោះ​បី​ជា​មាន​កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​រវាង​អាមេរិក​-អ៊ីរ៉ង់​ ហើយ​កាល​ម្សិលមិញ​ គឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា សហរដ្ឋ​អាមេរិកបាន​បើក​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់ពីរ​ថ្ងៃ​ជាប់ៗគ្នា ដោយ​លើក​ឡើងម្តងទៀត​ថា ការវាយ​ប្រហារនេះ​គឺ​មាន​​ហេតុ​ផល​សម​ស្រប​ ចំពោះទី​ក្រុង​តេហេរ៉ង​ប្រឆាំង​នឹងនាវាពាណិជ្ជកម្មដឹក​ទំនិញ​មួយគ្រឿង​ បន្ទាប់ពីមានការវាយ​ប្រហារដោយដ្រូន កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz​ ។

ប្រធានាធិប​តី​អាមេរិក លោក​ ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹង​ថា ការវាយប្រហារ​ឡើងវិញ​​នៅ​ថ្ងៃសៅរ៍ គឺជាការចង្អុល​បង្ហាញ​ចុងក្រោយ​​បំផុតថា បទឈប់បាញ់​នៅមជ្ឈិមបូព៌ាបានបង្កើតឡើង​ជា​អនុស្សរណៈនៃការយោគយល់គ្នា​ នៅថ្ងៃទី១៧ ខែមិថុនា រវាង​សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈាន​ដល់ចំណុច​បំបែក។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ បញ្ជាការកណ្តាល​សហរដ្ឋអាមេរិក (CENTCOM) ដែល​ដឹកនាំសកម្មភាពយោធា​នៅមជ្ឈិមបូព៌ា បានពន្យល់ថា ការវាយ​ប្រហារចុងក្រោយ​បំផុតបាន​កើតឡើង តាម​ការ​ណែ​នាំ​របស់អគ្គមេ​បញ្ជាការ។

មជ្ឈមណ្ឌលបញ្ជាការ​សរសេរ​ថា៖ « កង​កម្លាំង CENTCOM បាន​បើក​ការវាយប្រហារ​នៅថ្ងៃនេះ[កាល​ពី​ថ្ងៃ​សោរិ៍] ដើម្បី​ឆ្លើយតប​​ដោយផ្ទាល់​ទៅ​នឹងការ​ឈ្លាន​ពានជា​បន្តបន្ទាប់​របស់អ៊ីរ៉ង់ប្រឆាំង​នឹងការដឹក​ជញ្ជូន​របស់​នាវា​ពាណិជ្ជកម្ម។ យន្តហោះយោធា​សហរដ្ឋអាមេរិក​បានកំណត់គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើល​យោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់​ទំនង ទីតាំងការពារដែន​អាកាស កន្លែងផ្ទុកដ្រូន​ និងសមត្ថភាព​ដាក់មីន»។

ការ​ផ្ទុះនេះ​ត្រូវបានរាយការណ៍​នៅភាគខាងត្បូងអ៊ីរ៉ង់ ជុំវិញ​ភូមិ Tahrui ជិតកំពង់ផែ Sirik ជាចំណុចកណ្តាល​នៃការវាយប្រហារ​របស់សហរដ្ឋអាមេរិកកាល​ពីថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​ក៏បាន​ចង្អុល​បង្ហាញថា កោះ Qeshm ត្រូវបាន​វាយប្រហារ។

នៅ​ក្នុងការ​បង្ហោះ​លើបណ្តាញ​សង្គម​តិចជាង​ពីរ​ម៉ោង​ បន្ទាប់ពីការវាយ​ប្រហារបាន​ចាប់ផ្តើម ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានព្រមាន​ថា ការវាយប្រហារនៅ​ថ្ងៃសៅរ៍អាច​ជាការត្រៀម​លក្ខណៈ​​សម្រាប់​ការប្រយុទ្ធគ្នាកាន់​តែខ្លាំង ប្រសិនបើអ៊ីរ៉ង់​មិនគោរពតាម​ការ​រំពឹង​ទុករបស់ទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ​ បាន​រិះគន់អ៊ីរ៉ង់​ ចំពោះការរំលោភលើ​អនុស្សរណៈឈប់​បាញ់​ម្តង​ហើយ​ម្តងទៀត ​ជាការចោទប្រកាន់​ដែលភាគី​ទាំងពីរបាន​ផ្លាស់ប្តូរគ្នា។

លោក ត្រាំ សរសេរថា៖ « វាអាចទៅរួចដែល​ពួកគេ[​អ៊ីរ៉ង់​] មិន​បាន​រៀន​អ្វី​សោះ​ ហើយ​អាចមានចំណុច​មួយដែល​យើងលែង​អាច​មាន​ភាព​សមហេតុផលទៀត​ ហើយនឹង​ត្រូវបង្ខំបញ្ចប់​ការងារ​ដែល​យើងបាន​ចាប់ផ្តើមយ៉ាង​ជោគជ័យ​ដោយយោធា។ ប្រសិន​បើរឿង​នោះ​កើត​ឡើង សាធារណរដ្ឋ​អ៊ីរ៉ង់នឹងលែង​មានទៀតហើយ​»!៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម