Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន

បានផុស

នៅ

រលកកម្តៅដ៏ខ្លាំងក្លាបំផុត កំពុងវាយប្រហារតំបន់អឺរ៉ុប ខណៈសីតុណ្ហភាព ហក់ឡើងដល់កម្រិតខ្ពស់ ដល់ថ្នាក់នៅប្រទេសអាល្លឺម៉ង់ រលាយសូម្បីផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើបផ្លូវល្បឿនលឿន។

(រូប៖ Instagram)

បើយោងតាមការផ្សាយរបស់សារព័ត៌មាន Anadolu កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦, តំបន់មួយចំនួនក្នុងប្រទេសនេះ បានកត់់ត្រាសីតុណ្ហភាពឡើងផុត ៤១ °C ធ្វើឲ្យរងគ្រោះខ្លាំង មិនមែនត្រឹមមនុស្សទេ សូម្បីសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ប៉ះពាល់ដែរ។

អ្វីដែលមិននឹកស្មានដល់នោះគឺ សូម្បីផ្លូវរថភ្លើងអគ្គិសនី ក៏ទប់មិនជាប់ដែរ ដោយរលកកម្តៅបានលេបត្របាក់ ធ្វើឲ្យរលាយឡើងឈ្ងៀម ក្នុងទីក្រុង Leipzig បង្កផលរំខាន និងរាំងស្ទះដល់ការធ្វើដំណើរ។

មិនត្រឹមប៉ុណ្ណឹង ផ្លូវល្បឿនលឿន A1 នៅជិតទីក្រុង Hamburg, ផ្លូវល្បឿនលឿន A10 នៅជិតទីក្រុង Berlin និងផ្លូវល្បឿនលឿន A9 ស្ថិតក្នុងរដ្ឋ Saxony-Anhalt ភាគកណ្តាលប្រទេស ក៏ត្រូវបាក់ស្រុត និងប្រេះរហែក ផងដែរ ដោយសារតែមេឃក្តៅពេក ធ្វើឲ្យបេតុង មិនមានចន្លោះគ្រប់គ្រាន់សម្រាប់រីកមាឌ នៅពេលប៉ះនឹងកម្ដៅខ្លាំង។

(រូប៖ Instagram)

ព័ត៌មាននេះកើតឡើង បន្ទាប់ពីនៅប្រទេសបារាំង ឯណោះ, រលកកម្ដៅដែល​ហក់​ឡើង​ដល់ ៤៤​°C បានឆក់យកអាយុជីវិតមនុស្ស ប្រហែល ១ ០០០នាក់ ក្នុងរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

ភ្នាក់ងារសុខាភិបាលជាតិបារាំង រាយការណ៍ថា ភាគច្រើននៃអ្នកស៊ូទ្រាំនឹងកម្ដៅមិនរួចទាំងនេះ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្មើនឹង ៨៥% ហើយពួកគេ ស្លាប់នៅតាមផ្ទះរៀងៗ​ខ្លួន ជាពិសេសក្នុងទីក្រុងប៉ារីស ដែលជាកន្លែងក្ដៅខ្លាំងជាងគេ រហូតដល់ថ្នាក់រដ្ឋាភិបាលប្រកាសអាសន្ន «ពណ៌ក្រហម»។

ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានចេញការព្រមាន អំពីរលកកម្តៅដ៏ខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ដែលនឹងវាយប្រហារតំបន់ភាគច្រើន នៅដើមខែកក្កដានេះផងដែរ ធ្វើឲ្យមនុស្សជាង ១៤០លាននាក់ ស្ថិតក្នុងការប្រកាសអាសន្ន ព្រោះតែហានិភ័យគ្រោះថ្នាក់។

(រូប៖ Instagram)

តាមការផ្សាយរបស់ NBC News ដែលដកស្រង់សេចក្តីប្រកាសរបស់សេវាអាកាសធាតុជាតិ កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាកាសធាតុក្តៅបំបែកកំណត់ត្រា នឹងគ្របដណ្តប់លើតំបន់ភាគអាគ្នេយ៍, ភាគកណ្តាលឆៀងខាងលិច និងភាគខាងកើត ពេញមួយសប្តាហ៍ មុនដល់ទិវាឯករាជ្យជាតិអាមេរិក ៤កក្កដា។

ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា បណ្តាទីក្រុងនានាដូចជា Chicago, Detroit, St. Louis, Dallas និងNashville បានជួបប្រទះនូវស្ថានភាពកម្តៅអាក្រក់បំផុតរួចទៅហើយ នៅដើមសប្តាហ៍នេះ ដោយសីតុណ្ហភាពដែលមនុស្ស «មានអារម្មណ៍ថាក្តៅ» បានហក់ឡើងរហូតដល់ ៤៣°C។

រលកកម្តៅនេះ នឹងរីករាលដាលឆ្ពោះទៅទិសខាងកើត នៅពាក់កណ្តាលសប្តាហ៍។ នៅត្រឹមថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទីក្រុងញូវយ៉ក ត្រូវគេព្យាករណ៍ថា នឹងមានសន្ទស្សន៍កម្តៅ ឡើងដល់ ៤២°C ខណៈ រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី អាចឡើងដល់ ៤០°C៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម