សន្តិសុខសង្គម
ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ចំនួន០១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។


លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងទៀតថា ថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងយកមកផ្ញើជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរស័ព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរស័ព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថា ជនរងគ្រោះយកទូរស័ព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។ នៅវេលាម៉ោង ៤ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបានមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រី នៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។


លោកអនុសេនីយ៍ឯក តិល តៃលីវ បានបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយសារខឹងនឹងជនរងគ្រោះយកទូរស័ព្ទដែលជនជាតិចិន ជាសង្សាររបស់ខ្លួនយកទៅលក់យកលុយ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


