ព័ត៌មានជាតិ
លោក ហូ វណ្ឌី៖ ភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តច្រើន នៅប្រទេសថៃ និងសិង្ហបុរី
ក្រោយពីកម្ពុជា គ្រប់គ្រងបានទាំងស្រុងទៅលើការរីករាយដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ភ្ញៀវទេសចរមានសន្ទុះកើនឡើងជាលំដាប់។ ជាក់ស្តែងចាប់តាំងពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២២មក ភ្ញៀវទេសចរកម្ពុជា បានធ្វើដំណើរចេញទៅកម្សាន្តច្រើន នៅប្រទេសថៃ និងសិង្ហបុរី ខណៈដែលភ្ញៀវបរទេស ក៏ចូលមកលេងកម្សាន្តនៅកម្ពុជា ជាបណ្តើរៗផងដែរ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ភ្ញៀវទេសចរកម្ពុជា បានចេញដំណើរកម្សាន្តទៅប្រទេសថៃច្រើន តាមរយៈក្រុមហ៊ុនមួយចំនួន មានដូចជា Bangkok Airways, Thai Smile Airways, Cambodia Airways និង Sky Ankor Airways ជាដើម។ លោកបន្តថា « គ្រាន់តែបាងកកមួយ យើងឃើញមានសន្ទុះខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ទើរតែគ្រប់ក្រុមហ៊ុនអាកាសចរណ៍ពេញៗទាំងអស់ ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងចេញដំណើរទៅកម្សាន្តនៅក្រៅប្រទេសច្រើនមែនទែន ប៉ុន្តែតួលេខជាក់លាក់ប្រហែលចុងខែនេះ ទើបក្រសួងចេញ»។

បន្ទាប់ពីប្រទេសថៃ អ្នកជំនាញទេសចរណ៍រូបនេះ បានបញ្ជាក់ថា ភ្ញៀវកម្ពុជា ក៏ធ្វើដំណើរទៅកម្សាន្តនៅប្រទេសសិង្ហបុរីច្រើនផងដែរ។ ដោយឡែកនៅវៀតណា ក្រោយរដ្ឋាភិបាលប្រកាសអនុញ្ញាតឱ្យមានការចេញចូលប្រទេសដោយមិនបាច់ធ្វើតេស្ត ចាប់ពីសប្តាហ៍មុននេះមក ភ្ញៀវទេសចរកម្ពុជា ក៏ចាប់ផ្តើមចេញទៅលេងកម្សាន្តនៅកោះត្រល់ជាបណ្តើរៗដែរ។

ចំពោះការចេញដំណើរទៅក្រៅប្រទេសនេះ គឺដើម្បីលំហែកាយ និងស្វែងយល់ពីកន្លែងទេសចរណ៍ថ្មីៗ អំពីវប្បធម៌ ប្រពៃណី និងអ្នកខ្លះទៀត ចង់ឃើញពីការអភិវឌ្ឍនៅប្រទេសគេជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ហូ វណ្ឌី។ លើសពីនេះទៀត លោកថា ពលរដ្ឋខ្មែរ ដែលទៅកម្សាន្តនៅក្រៅប្រទេស ក៏ជាផ្នែកមួយជួយផ្សព្វផ្សាយវប្បធម៌ជាតិយើងទៅកាន់បរទេស និងបានឆ្លុះបញ្ចាំងពីជីវភាពរបស់ពលរដ្ឋ ដែលមានលទ្ធភាពអាចចេញទៅកម្សាន្តនៅក្រៅប្រទេសផងដែរ។
យោងរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណពីជាង ២០ម៉ឺន ទៅជាង ៣០ម៉ឺននាក់ នៅទូទាំងប្រទេស។ តួលេខភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ ក្រោយពេលដែលរដ្ឋាភិបាល បានប្រឹងប្រែងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដនៅក្នុងប្រទេស បាន១០០% ដោយពុំមានអ្នកឆ្លងថ្មីជាង ២០ថ្ងៃមកហើយ។
ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុបចំនួន ១៦លាន នាក់ គិតត្រឹមថ្ងៃទី ៣០ ខែ ឧសភា ស្មើនឹង ៩៣,៩៩%។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន