ព័ត៌មានជាតិ
លោក កែវ ឈា មានប្រវត្តិ«ចាស់វស្សា»លើកិច្ចការទំនាក់ទំនងអន្តរជាតិ មុនក្លាយជាទូតកម្ពុជាប្រចាំអាមេរិក
លោក កែវ ឈា គឺជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធ«ចាស់វស្សា»លើកិច្ចការទំនាក់ទំនងអន្តរជាតិ។ នៅឆ្នាំ២០២២ ក្នុងវ័យ ៦៦ឆ្នាំ លោក ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បើក្រឡេកមកមើលពីការសិក្សាវិញ គឺលោកជាបញ្ញាវន្តមួយរូបទទួលបានការអប់រំខ្ពស់នៅប្រទេសឥណ្ឌា និងអូស្ត្រាលី។

ការសិក្សា
នៅឆ្នាំ១៩៨៥ លោក កែវ ឈា ទទួលបានបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងភាសាវិទ្យា នៅសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុង ញូដេលី ប្រទេសឥណ្ឌា។ ឆ្នាំ១៩៩១ លោក ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាអង់គ្លេសប្រចាំតំបន់ Chandigarh ប្រទេសឥណ្ឌា។ បន្ទាប់មក លោកបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ នៅវិទ្យាស្ថានច្បាប់អន្តរជាតិឥណ្ឌា ក្នុងឆ្នាំ១៩៩៦។ នៅក្នុងឆ្នាំ២០០០ លោកបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៃសាកលវិទ្យា Monash ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី។

បទពិសោធការងារ
ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ លោក កែវ ឈា បានចូលបម្រើការជាមន្ត្រីនៅក្រសួង ការបរទេសនៃកម្ពុជា។ ក្នុងនោះ នៅឆ្នាំ១៩៨៥-១៩៨៩ ជាមន្ត្រីនាយកដ្ឋានទំនាក់ទំនងសាធារណៈ។ នៅចន្លោះឆ្នាំ១៩៨៩-១៩៩១ លោក ជាប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់ និងជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅឆ្នាំ១៩៩១-១៩៩២។
ដោយមើលឃើញអំពីសមត្ថភាពរបស់លោក កែវ ឈា ក្រសួងការបរទេសកម្ពុជា ក៏បានចាត់លោកឲ្យទៅ បំពេញការងារនៅក្រៅប្រទេស ក្នុងតួនាទីជាលេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា នៅឆ្នាំ១៩៩២-១៩៩៦។ ក្រោយបញ្ចប់បេសកកម្មនៅឥណ្ឌា លោក បានមកកាន់តំណែងជានាយករងនៃនាយកដ្ឋានអាស៊ាន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសន្តិសុខ ឆ្នាំ១៩៩៦-១៩៩៩។ នៅឆ្នាំ២០០០-២០០១ លោកក៏បន្តតួនាទីជាលេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ។

ជាបន្តបន្ទាប់មក លោក ត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកនយោបាយ-សន្តិសុខ កិច្ចសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាស៊ាន ឆ្នាំ២០០១-២០០៣។ ចាប់តាំងពីឆ្នាំ២០១៣-២០១៦ លោក កែវ ឈា បានទៅបម្រើការងារនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បំពេញការងារជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន លោក កាន់តួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន (២០០៣-២០០៩) និងជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅ សម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន (២០០៩-២០១៦)។ ក្រោយលោកចូលនិវត្តន៍ ឆ្នាំ២០១៧ មន្ត្រីការទូតរូបនេះ តែងតាំងជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ឋានៈស្មើអនុលេខាធិការ ។ លុះនៅឆ្នាំ២០២២នេះ ត្រូវបានទ្រង់ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ