Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់

បានផុស

នៅ

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក ប្រភេទ B-52 បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋ កាលីហ្វ័រញ៉ា បណ្តាលឲ្យសមាជិកអាកាសយានិក ចំនួន ៨នាក់ បាត់បង់ជីវិត។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC, យន្តហោះនេះធ្លាក់ នៅម៉ោង ១១:២០នាទី ព្រឹក ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ក្រោយពេលហោះឡើងមិនបានប៉ុន្មានផង។ 

ការិយាល័យកិច្ចការសាធារណៈ នៃកងពលតូចសាកល្បងលេខ ៤១២ បានឲ្យដឹងថា យន្តហោះនេះ មានផ្ទុកមនុស្សចំនួន ៨ នាក់ ខណៈសញ្ញាបង្ហាញថា គ្មានអ្នករស់រានមានជីវិត ឡើយ។

(រូប៖ Reuters)

យន្តហោះ ធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ ខណៈមូលហេតុ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការស៊ើបអង្កេត។

Boeing B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ រយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន។ វាដើរតួជាគ្រឹះដ៏សំខាន់ នៃកម្លាំងទប់ទល់នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៥៥ មក។

(រូប៖ Reuters)

B-52 នេះ បំពេញមុខងារជាយន្តហោះដែលមានសមត្ថភាពទ្វេដង ដោយរក្សាបាននូវលទ្ធភាពក្នុងការបាញ់ទាំងគ្រាប់ធម្មតា និងអាវុធនុយក្លេអ៊ែរបាញ់ពីចម្ងាយ។

វាអាចផ្ទុកអាវុធចម្រុះ បានរហូតដល់ ៣១ ៥០០គីឡូក្រាម រួមមាន គ្រាប់បែក មីន និងមីស៊ីលគ្រូស។ B-52 ត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់មីស៊ីលគ្រូស បាញ់ពីលើអាកាស ប្រភេទ AGM-86B (ALCM)។ គេក៏គ្រោង ដាក់ឲ្យវាផ្ទុកមីស៊ីលបំបាំងកាយរយៈចម្ងាយឆ្ងាយ ប្រភេទ AGM-181A (LRSO) ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ផងដែរ។

(រូប៖ Reuters)

B-52 មានសមត្ថភាពហោះហើរប្រយុទ្ធ បានចម្ងាយប្រហែល ១៤ ១៦២ គីឡូម៉ែត្រ ដោយមិនបាច់ចាក់ប្រេងបន្ថែម ដែលចម្ងាយនេះ នឹងក្លាយជាគ្មានដែនកំណត់ ប្រសិនបើប្រើប្រាស់ សមត្ថភាពចាក់ប្រេងនៅលើអាកាស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម