វប្បធម៌ ជំនឿ
ដាក់បិណ្ឌថ្ងៃទីមួយ មានពុទ្ធបរិស័ទច្រើនកុះករបានចូលរួមវត្តក្នុងខណ្ឌដង្កោ
នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា គឺជាថ្ងៃកាន់បិណ្ឌទីមួយ ដែលមានពុទ្ធបរិស័ទគ្រប់ទិសទីបានចូលរួមទៅវត្តធ្វើបុណ្យ នៅខណ្ឌដង្កោ បន្ទាប់ពីមានការខកខានទៅវត្តកាលពីឆ្នាំមុនក្រោយមានវិបត្តិ កូវីដ-១៩។ ជាមួយនឹងការចូលរួមយ៉ាងច្រើននេះ ក៏មានវិធានការទប់ស្កាត់នូវជម្ងឺកូវីដ-១៩ផងដែរ ទោះបីករណីមានស្ថានភាពធូរស្បើយយ៉ាងណាក្តី។ មិនតែប៉ុណ្ណោះ ក្នុងវត្តនីមួយៗ ក៏មានការបែងចែកចំពោះម្ហូបអាហារផ្សេងៗ សម្រាប់ចែកជូនប្រជាជនដែលខ្វះខាត។

លោកយាយ សួស អូន ដែលជាដូនជីនៅវត្ត បញ្ចៈកែវមុន្នីឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់មកកាន់ “កម្ពុជាថ្មី” ថា បើធៀបជាមួយនឹងឆ្នាំ២០២០ គឺឆ្នាំ២០២២នេះ មានពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃច្រើនជាងឆ្នាំមុន សឹងតែគ្មានកន្លែងទូលាយសម្រាប់ពុទ្ធបរិស័ទអង្គុយតែម្តង។ ម្យ៉ាងវិញទៀត ថ្ងៃកាន់បិណ្ឌទីមួយ ត្រូវនឹងថ្ងៃអាទិត្យ ដូច្នេះមនុស្សម្នាឆ្លៀតឱកាសសម្រាកពីការងាររបស់ខ្លួន មកធ្វើបុណ្យនៅថ្ងៃ កាន់បិណ្ឌទីមួយនេះ។

លោកយាយបានបន្ថែមថា ទោះបីជាបច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ មិនសូវរីករាលដាលច្រើនដូចឆ្នាំមុនៗពិតមែន ក៏ប៉ុន្តែ គណៈកម្មការវត្ត នៅតែតម្រូវឱ្យព្រះសង្ឃ ដូនជី និងអាចារ្យពាក់ម៉ាស់ និងមានអាកល់ការពារជាប់ខ្លួនជានិច្ច។ ចំពោះចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គណៈកម្មការវត្តបានរៀបចំទុកដាក់ បែងចែកបានត្រឹមត្រូវសម្រាប់យកទៅចែកជូនជនអនាថា ក្មេងកំព្រា ឬ យកទៅបន្ទាយទាហានជាដើម។
លោកយាយបាននិយាយថា៖ “ឆ្នាំនេះស្រួលជាងឆ្នាំមុន ព្រោះពុទ្ធបរិស័ទអាចចូលវត្ត ធ្វើបុណ្យបានដូចសព្វមួយដង បើឆ្នាំមុនពិបាកណាស់ ដាក់ចង្ហាន់បានតែនៅមុចក្លោងទ្វារវត្ត យើងមិនបានចូលសំពះព្រះ សំពះលោកបានទូលំទូលាយ។ តែ យ៉ាងណាក៏មិនភ្លេចដែរ រឿងពាក់ម៉ាសហ្នឹង ព្រោះយើងធ្វើយ៉ាងណាការពារខ្លួនឯង កុំភ្លេចខ្លួនរឿងកូវីដឱ្យសោះ”។
ចំណែកលោកយាយ វ៉ន នៅវត្តធុតង្គចំការដូង ស្ថិតក្នុងខណ្ឌដង្កោដូចគ្នានោះ បានផ្តល់កិច្ចសម្ភាសមកកាន “កម្ពុជាថ្មី” ថា ក្នុងថ្ងៃកាន់បិណ្ឌទី១ របស់វត្តធុតង្គចំការដូង មានប្រជាជនជាច្រើនបានយកចង្ហាន់មកប្រគេនលោកដែលមានកំណើនជាងរាល់ឆ្នាំបន្តិច។ ដោយឡែក នៅវត្តធុតង្គចំការដូង បានបែងចែកព្រះសង្ឃឱ្យគង់នៅឆ្ងាយៗ និងឃ្លាតគ្នាប្រហែល ២ម៉ែត្រ ដើម្បីជៀសវាងនូវជម្ងឺរីករាលដាល កូវីដ-១៩។

ជាមួយគ្នានេះ វត្តធុតង្គចំការដូង ក៏មានវិធានការចំពោះម្ហូបអាហារមិនខុសពី បញ្ចៈកែវមុន្នីឬស្សីសាញ់ប៉ុន្មានទេ។ គណៈកម្មការវត្តបានរៀបចំទុកដាក់ ម្ហូបនីមួយៗតាមផ្នែកផ្សេងៗ បន្ទាប់មក នឹងបញ្ជូនឱ្យទៅអ្នកជាប់ឃាំឃាំងនៅគុកព្រៃស ក៏ដូចជាប្រជាជនខ្វះខាត ឬ ក្មេងកំព្រាដែលត្រូវការជិតតំបន់នោះ ពេញមួយរដូវភ្ជុំបិណ្ឌ។ នេះបើតាមប្រសាសន៍របស់លោកយាយវ៉ន។

គួររំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានផ្អាកមិនឱ្យមានពុទ្ធបរិស័ទ ចូលក្នុងវត្តដាក់បិណ្ឌមានមនុស្សច្រើនកុះករឡើយ។ ប្រជាជនអាចយកចង្ហាន់ប្រគេនព្រះសង្ឃត្រឹមក្លោងទ្វារវត្តប៉ុណ្ណោះ ព្រោះបារម្ភពីករណីជម្ងឺកូវីដ-១៩។ ប៉ុន្តែ ក្នុងឆ្នាំ២០២២ ពុទ្ធបរិស័ទ អាចដាក់បិណ្ឌ និងធ្វើបុណ្យក្នុងវត្តបានធម្មតា ដោយកុំភ្លេចពី ៣កុំ ៣ការពារ ដែលរដ្ឋាភិបាលតែងតែក្រើនរំលឹកដាស់តឿនកន្លងមក៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


