ព័ត៌មានជាតិ
រោងចក្រផលិតទឹកស្អាតក្រុងពោធិ៍សាត់ តម្លៃជាង ២២ លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ តម្លៃជាង ២២ លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុង Kitakyushu រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋ សរុបប្រមាណ៦៥០នាក់។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “នេះជារោងចក្រផលិតទឹកស្អាតទី៣ ក្រោមជំនួយ ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មី ជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ ខណៈយើងប្រារពខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជា និងជប៉ុន ឆ្នាំ២០២៣ក៏បង្ហាញនូវសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ។”

ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបានឆ្លើយតបទៅនឹងកំណើននៃតម្រូវការនេះ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួន តាមរយៈ ការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតថ្មីនេះ។
ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប ២.៤០៥ លានយ៉េន (ប្រហែល ២២,២ លានដុល្លារអាមេរិក) គម្រោងនេះ ប្រើពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគាររដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តពោធិ៍សាត់ជារួម។

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដែលមានសមត្ថភាពផលិត ៦.៦០០ ម៉ែត្រគូប/ថ្ងៃ នឹងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ ម៉ែត្រគូប/ថ្ងៃ។ ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់ នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។
សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែដោះស្រាយតម្រូវការទឹកស្អាតបន្ទាន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់កម្ពុជាផងដែរ។
ជាមួយនឹងសមិទ្ធផលនេះ ខេត្តពោធិ៍សាត់ក៏នឹងមានលក្ខណៈសម្បត្តិកាន់តែប្រសើរក្នុងការទាក់ទាញការវិនិយោគបន្ថែម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
សូមបញ្ជាក់ថា នៅក្នុងខណៈនោះដែរលោករដ្ឋមន្ត្រី ក៏បានបំពាក់នូវគ្រឿងឥស្សរយសដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរួមមានមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន២ ថ្នាក់មហាសេនា៣រូប ថ្នាក់ធិបឌិន្ទ១រូប ថ្នាក់សេនា ១២រូប ថ្នាក់ អស្សឬទ្ធិ៥រូប និងមេដាយការងារ១១រូបព្រមទាំងចែកជូនអំណោយដល់លោកតាលោកយាយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូផងដែរ៕

អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


