ព័ត៌មានជាតិ
មន្ត្រីកម្ពុជា-ម៉ារ៉ុក រំពឹងថា កិច្ចពិគ្រោះយោបល់នឹងផ្ដល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
មន្ត្រីការបរទេសរបស់កម្ពុជា និងម៉ារ៉ុក សុទ្ធតែបានបង្ហាញពីក្ដីរំពឹងថា កិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរនឹងផ្ដល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

លោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយន្តការប្រឹក្សាយោបល់ដែលមានស្រាប់រវាងកម្ពុជា និងម៉ារ៉ុក និងភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍។ ការលើកឡើងនេះ ខណៈដែលលោករដ្ឋលេខាធិការ ទទួលការជួបសម្តែងការគួរសមរបស់លោក Omar Kadiri ប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីស្តីការក្រសួងការបរទេស មុនកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការ ជុំ សុន្ទរី បានកោតសរសើរចំពោះការរីចម្រើននៃទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ និងបានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅប្រទេសម៉ារ៉ុក កាលពីខែមីនា ឆ្នាំមុន ដែលនៅក្នុងឱកាសនោះ កិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ត្រូវបានចុះហត្ថលេខា។
លោករដ្ឋលេខាធិការ បានបង្ហាញជំនឿចិត្តថា កិច្ចពិគ្រោះយោបល់លើកទី៤ រវាងក្រសួងការបរទេសទាំងពីរ នឹងផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ។ ខណៈលោក Omar Kadiri ក៏បានបង្ហាញពីឆន្ទៈរបស់ម៉ារ៉ុកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្របទស្សនៈលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

មន្ត្រីការបរទេសម៉ារ៉ុករូបនេះ ក៏បានបញ្ជាក់សារជាថ្មីអំពីការគាំទ្រដ៏រឹងមាំរបស់ម៉ារ៉ុកចំពោះកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយលោក ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ដើម្បីរួមចំណែកក្នុងទំនាក់ទំនងប្រកបដោយការស្ថាបនាជាមួយអាស៊ាន។
ក្នុងជំនួបនេះ លោក ជុំ សុន្ទរី បានស្នើដល់ភាគីម៉ារ៉ុកជួយគាំទ្របេក្ខភាពកម្ពុជាសម្រាប់សមាជិកគណៈកម្មាធិការ នៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អ.ស.ប. (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ ផងដែរ ហើយលោក បានសម្តែងអំណរគុណចំពោះម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ជាការឆ្លើយតប លោក Kadiri បានបញ្ជាក់ពីការបន្តគាំទ្របេក្ខភាពកម្ពុជាជាសមាជិកនៅក្នុងអង្គការទាំងពីរខាងលើ ហើយបន្ថែមពីនេះ លោក ក៏បានអះអាងជាថ្មីពីការគាំទ្រយ៉ាងសកម្ម របស់ម៉ារ៉ុក ចំពោះបេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក