ព័ត៌មានជាតិ
តាមបញ្ជានាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល ឱ្យកម្លាំងចុះបង្ក្រាបក្មេងទំនើង កុំឱ្យងើបឡើងវិញ
អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល បានប្រាប់ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងក្នុងមូលដ្ឋានឱ្យអស់ ដោយធ្វើយ៉ាងណាបំបាក់ស្មារតីពួកគេឱ្យភ័យខ្លាច ហើយមិនហ៊ានងើបឡើងវិញ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាជាថ្មីម្ដងទៀតឱ្យអភិបាលរាជធានីខេត្ត កម្លាំងមានសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់ បន្តអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដែលបង្កហិង្សា នាំឱ្យបាត់សណ្ដាប់ធ្នាប់ អសន្តិសុខក្នុងសង្គម ខណៈពេលនេះ មានការកក្រើកឡើងវិញ។

ក្រោយទទួលបានបទបញ្ជានេះ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។
លោក គួច ចំរើន បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវអន្តរាគមន៍ទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។

ករណីក្មេងទំនើងបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ លោកអភិបាលខេត្ត ណែនាំឱ្យអាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ ដោយមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនេះ ក៏ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់សកម្មភាព ដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទណ្ឌដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើនបន្តទៀត។
បន្ថែមពីករណីក្មេងទំនើង លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបគ្រប់ល្បែងស៊ីសងទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ រួមមាន ការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុង។ លោក គួច ចំរើន ក៏ប្រាប់ឱ្យមន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណា ដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង ដកខ្លួនជាបន្ទាន់ ហើយក្នុងករណីដែលមានអាជ្ញាធរ ឬកងកម្លាំងមានសមត្ថកិច្ចណា ដែលកាងល្បែងស៊ីសង ឬបទល្មើសនានា នោះនឹងចាត់វិធានការតាមច្បាប់គ្មានការលើកលែងនិងយោគយល់ឡើយ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


