សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរជាង ២,៤ លាននាក់នៅ ៤ ខែដើមឆ្នាំ ២០២៥
នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៤ លាននាក់ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងរហូតដល់ ២,៤ លាននាក់ នៅឆ្នាំ២០១៩ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ការបង្កើតការងារ ការបង្កើតនូវប្រភពនៃប្រាក់ចំណូលដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ លោក ហួត ហាក់ បានលើកឡើងនៅក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥។
លោក ហួត ហាក់ មានប្រសាសន៍ថា ការប្រារព្ធពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» គឺជាលទ្ធផលជាប្រវត្តិសាស្រ្តនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្តពីឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន» ដែលយើងបានរួមគ្នារៀបចំពិធីបិទកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

លោក ហួត ហាក់ បញ្ជាក់ថា យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៥» ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងស្មារតី មិត្តដែកថែប សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយស្ថិរភាព និងចីរភាព ក៏ដូចជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិនផងដែរ។
សុខសន្តិភាពបានធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ដែលបានធ្វើឱ្យវិស័យនេះ មានការរីកចម្រើនគួរជាទីមោទនៈ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជិត ៩,៤% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៤ និងផ្តល់ការងារយ៉ាងច្រើន ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
យោងតាមក្រសួងទេសចរណ៍ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥%។

លោករដ្ឋមន្ត្រីសង្ឃឹមថា ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករ យ៉ាងសំខាន់ក្នុងការជំរុញបង្កើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនទំនាក់ទំនងក្នុងវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ និងបន្តជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។
ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ក្នុងឆ្នាំ២០២៥នេះ និងក្នុងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជាក៏កំពុងយកចិត្តទុកក្នុងការជំរុញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ឈរលើទស្សនទានស្អាត និងបៃតង បន្ថែមពីលើការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅ ទេសចរណ៍ដែលមានស្រាប់ ដើម្បីជំរុញឱ្យមានការរៀបចំពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានកែច្នៃលំដាប់ថ្នាក់អន្តរជាតិ រមណីយដ្ឋានបែបអេកូទេសចរណ៍ ទេសចរណ៍កីឡា ទេសចរណ៍តំបន់ឆ្នេរ/កោះ ទេសចរណ៍វ័យចំណាស់ជាដើម៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក