Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​​កើនឡើងជាង ២០០ លានដុល្លារ ចាក់​ចូល​ទៅ​ក្នុង​​​ផលិត​ផលក្នុងស្រុក​សរុប

បានផុស

នៅ

ឆ្នាំ ២០២៥ ទោះបីជា​បរិមាណ​ភ្ញៀវទេសចរមក​កម្សាន្តប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​ចំណូល​សរុប​ពី​វិស័យទេសចរណ៍​ដែល​បាន​ចាក់​បញ្ចូល​ទៅក្នុងផលិត​ផលក្នុងស្រុក​សរុប (GDP) មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ពោល​គឺ​កើន​ឡើង ៦,៦%

ចំនួន​ភ្ញៀវទេសចរអន្តរជាតិមក​ប្រទេស​កម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចំនួន ៥,៥៧ លាន​នាក់ ថយ​ចុះ ១៦,៧% បើ​ធៀបនឹងឆ្នាំ ២០២៤។

ទាក់ទងនឹងចម្ងល់ដែល​ថា ហេតុអ្វីបរិមាណភ្ញៀវទេសចរ​ថយ​ចុះតែចំណូលកើនឡើង តួលេខ​ចំណូល​នេះ​ត្រូវ​បាន​បញ្ជាក់​ទទួល​ស្គាល់​ដោយ​ធនាគារ​ជាតិនៃ​​កម្ពុជាផ្ទាល់។ នេះ​បើ​តាម​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សូចនាករ​ទេសចរណ៍​ឆ្នាំ ២០២៥ និង​ការ​ព្យាករណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ ២០២៦ កាល​​ពី​ម្សិលមិញ​នេះ លោក ហួត ហាត់ ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​គូស​បញ្ជាក់​ថា មូលហេតុ​ចម្បង​គឺដោយ​សារ​តែកម្ពុជាទទួលបានភ្ញៀវទេសចរកម្រិតខ្ពស់ (High-end tourists) ច្រើន ដែលពួកគេ​មាន​លទ្ធភាព​ចំណាយ​ខ្ពស់ បើ​ប្រៀប​ធៀប​ទៅនឹងភ្ញៀវទេសចរ​កម្រិតទាប ឬភ្ញៀវ​ដែលចំណាយតិច ដូច្នេះ​ទោះបីជាចំនួនភ្ញៀវសរុបថយចុះក៏កម្រិតនៃ​ការចំណាយ​​របស់​ភ្ញៀវជាន់​ខ្ពស់ទាំង​នោះ ​អាច​ជួយ​ជំរុញឲ្យចំណូល​កើនឡើងជាង ២០០ ទៅ ២៥០ លានដុល្លារ

ដោយឡែកពាក់ព័ន្ធ​ការព្យាករណ៍ភ្ញៀវទេសចរ​មកកម្សាន្តប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៦ នេះ លោករដ្ឋមន្រ្តីបាន​ថ្លែង​ថា អ្នកជំនាញ​បានធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់​ស្តែង និង​បាន​បែង​ចែកជា ៣ ករណី។ ករណីទី១ ប្រសិន​បើ​វិបត្តិនិង​បញ្ហា​ប្រឈម​នានា​នៅតែ​បន្តអូស​បន្លាយ ចំនួន​​ភ្ញៀវ​ទេសចរ​អាច​ស្ថិត​ក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិន​បើស្ថានភាព​ព្រំដែន​នៅមិនទាន់​បានធូរស្បើយ​ពេញលេញ ចំនួន​ភ្ញៀវ​អាច​មាន​ចន្លោះ​ពី ៥,៣ ទៅ ៥,៥ លាន​នាក់។ ករណីទី ៣ ប្រសិនបើ​ស្ថានភាព​អ្វីៗ​ត្រឡប់​មកល្អ​ប្រសើរ​ឡើងវិញ​ទាំងស្រុង កម្ពុជា​អាច​រំពឹង​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៦,១ ទៅ ៦,៣ លាន​នាក់។

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សូចនាករ​ទេសចរណ៍​ឆ្នាំ ២០២៥ និង​ការ​ព្យាករណ៍​ស្ថិតិ​ទេសចរណ៍​ លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​រាប់ និង​ប្រមូល​ទិន្នន័យ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ត្រូវ​បាន​អនុវត្ត​តាម​លក្ខខណៈ​វិទ្យាសាស្ត្រ និង​ស្រប​តាម​ប្រព័ន្ធស្តង់ដារ​បច្ចេកទេស​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក។

លោក​ថា ការ​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​មិនមែន​ធ្វើឡើង​តែមួយ​ផ្លូវ​នោះ​ទេ ប៉ុន្តែ​ប្រើប្រាស់​វិធីសាស្ត្រ​ចម្រុះ​មាន​ដូចជា​ការ​ធ្វើ​ជំរឿន​ដោយ​ការ​រាប់​ចំនួន​សរុប​ជាក់ស្តែង រួម​ទាំង​ការ​អង្កេត​តាមដាន និង​វាយ​តម្លៃ​លើ​សកម្មភាព​ទេសចរណ៍​ជាក់ស្តែង។

លោក​បាន​លើក​ឡើង​ពី​ប្រភព​ទិន្នន័យ​សម្រាប់​ដំណើរការ​នៃការ​រាប់​គឺ​ក្រសួងទេសចរណ៍​ប្រមូល​ទិន្នន័យ​ពី​ប្រភព​សំខាន់ៗ​ចំនួន ៣៖ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្រាប់​រាប់ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ និង​ច្រកព្រំដែន។

មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត​ទាំង ២៥ សម្រាប់​រាប់ចំនួនភ្ញៀវ​ទេសចរ​ផ្ទៃក្នុង (ភ្ញៀវ​ជាតិ​ដើរក្នុង​ស្រុក) និង​មូលដ្ឋានអាជីវកម្មទេសចរណ៍​សម្រាប់​​ប្រមូល​ទិន្នន័យ​ពី​សណ្ឋាគារ ផ្ទះ​សំណាក់ និង​សេវាកម្ម​ស្នាក់នៅ​ផ្សេងៗ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​វិវត្តទៅ​រកការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តាម​គោលដៅ​ទេសចរណ៍ រួម​ទាំង​ការ​ចងក្រង​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ធានា​បាន​នូវ​ភាព​រហ័ស និង​សុក្រឹតភាព។

បើ​តាម​លោក គង់ សុភារក្ស វិធីសាស្ត្​រទាំងនេះ​ជួយឱ្យ​រាជរដ្ឋាភិបាល អាចតាមដាន​និន្នាការនៃ​ការផ្លាស់ប្តូរ​របស់​ភ្ញៀវ ​ដូចជា​ការ​ប្តូរ​ពី​ការធ្វើដំណើរ​តាម​ផ្លូវអាកាស មក​ផ្លូវគោកវិញ​ជាដើម ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​ឱ្យ​ចំគោលដៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម