Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តក្រចេះ បើកយុទ្ធនាការ «ពន្លកបៃតង» ចែកកូនឈើនិងកូនត្នោតជាង ១៥០០០ដើម

បានផុស

នៅ

មន្ទីរបរិស្ថានខេត្តក្រចេះ ប្រកាសចែកកូនឈើចំនួន ៥៥០០ដើម និងកូនត្នោត ១ម៉ឺនដើម ក្នុងយុទ្ធនាការ «ពន្លកបៃតង» ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលក្រសួង​បរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត និងដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស។ យុទ្ធនាការនេះ ត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ ចេញពីបរិវេណ វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ហើយសាធារណជនអាចមកយកកូនឈើចាប់ពីការជូនដំណឹងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មានប្រសាសន៍ថា យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» នឹងដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះគំនិត បញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់ដើមឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត និងលើកស្ទួយការស្រលាញ់ថែរក្សាធនធាននៅកម្ពុជា។ លោកបញ្ជាក់ថា យុទ្ធនាការនេះឆ្លើយតបតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ “ភាពបៃតង” ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់សាធារណជន មកទទួលយកកូនឈើនៅមន្ទីរបរិស្ថានខេត្តក្រចេះ ឱ្យទាន់ពេលវេលាសម្រាប់ដាំដុះក្នុងរដូវវស្សានេះ ដែលវាមិនត្រឹមតែបង្កើនភាពបៃតង និងបន្ស៊ាំការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំពេលនេះវានឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

លើសពីនេះ ក៏ជាផ្នែកមួយធានាស្បៀងអាហារប្រចាំថ្ងៃ និងការអភិវឌ្ឍគោលដៅលំហែបៃតងដែលទាក់ទាញទេសចរ និង ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈឥណទានកាបូន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម