សេដ្ឋកិច្ច
កម្ពុជា ដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់
កម្ពុជាបានដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធីនេះគាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ និងបង្ហាញដំណោះស្រាយជាក់ស្តែង ក្នុងការពង្រីកវិសាលភាព និងការឈានចូលទីផ្សារថ្មីៗ។
កម្មវិធីនេះនឹងត្រូវអនុវត្តរួមគ្នាដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រុមហ៊ុន NH Investment and Securities ក្រុមហ៊ុន NH Absolute Return Partners និងធនាគារអភិវឌ្ឍន៍កូរ៉េ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន គឺជាសមភាគីតំណាងរាជរដ្ឋាភិបាល សម្រាប់ដឹកនាំការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យម នៅតែដើរតួនាទីគន្លឹះក្នុងសេដ្ឋកិច្ចកម្ពុជា ហើយការធ្វើបរិវត្តកម្មសហគ្រាសទាំងនេះ ឱ្យក្លាយជាធុរកិច្ចដែលមានភាពប្រកួតប្រជែង និងផ្អែកលើបច្ចេកវិទ្យា ត្រូវការទុនវិនិយោគ បច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពជាដៃគូរឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីនេះគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំទាំងនេះ ដោយលើកកម្ពស់នវានុវត្តន៍ និងការវិនិយោគរួមទុន ដែលនឹងបង្កើនសមត្ថភាពសហគ្រិន និងជំរុញសេដ្ឋកិច្ចបៃតងឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។”

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិរបស់យើង។ យើងប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាត បៃតង និងប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។”
ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០ លានដុល្លារ ដោយមានហិរញ្ញប្បទានសម្រាប់ការខាតបង់ដំបូងចំនួន ៨៣,៧៥ លានដុល្លារ ផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន។
មូលនិធិនេះគ្រប់គ្រងដោយក្រុមហ៊ុន NH Absolute Return Partners ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍កូរ៉េ និងផ្តល់ជាមូលធន ហិរញ្ញប្បទានលាយមូលធន និងហិរញ្ញប្បទានបំណុល ដើម្បីគាំទ្រសហគ្រាសអាកាសធាតុដែលមានសក្តានុពលខ្ពស់ក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

លោកស្រី ផាក សេក្យុង ប្រធានក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ បានលើកឡើងថា៖ “នវានុវត្តន៍អាកាសធាតុត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ តាមរយៈមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ មានមោទនភាពក្នុងការគាំទ្រកម្មវិធីហិរញ្ញប្បទានមួយនេះ ដែលផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុសក្តានុពល ជាមួយនឹងទុនដែលពួកគេត្រូវការ ដើម្បីពង្រីកបច្ចេកវិទ្យា តាមរយៈកិច្ចសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូផ្សេងៗ។ ”
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជាដៃគូសហការអនុវត្តកម្មវិធីនេះនៅកម្ពុជា នឹងផ្តោតលើការបង្កើតប្រព័ន្ធអេកូឡូស៊ី ការគាំទ្រដល់អាជីវកម្មដែលត្រៀមលក្ខណៈសម្រាប់ការវិនិយោគ និងជំនួយបច្ចេកទេស។
បណ្ឌិត លី ជេសឹង អនុប្រធានប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងថា៖ “តាមរយៈកម្មវិធីនេះ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល គាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រឹងភាពជាដៃគូ និងការត្រៀមលក្ខណៈសម្រាប់ឱកាសទីផ្សារ និងការវិនិយោគ។ ដោយសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងស្រុក យើងមានបំណងជួយពង្រីកបច្ចេកវិទ្យាអាកាសធាតុប្រកបដោយចីរភាព និងផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។”
កម្មវិធីនេះនឹងត្រូវអនុវត្តរហូតដល់ខែតុលា ឆ្នាំ២០៣០ ក្នុងគោលដៅគាំទ្រអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុចំនួន ១៨៥ នៅថ្នាក់តំបន់ ដែលក្នុងនោះ យ៉ាងហោចណាស់អាជីវកម្មចំនួន ៤០ ជាគោលដៅនៅកម្ពុជា ព្រមទាំងសម្របសម្រួលការវិនិយោគរួមទុនថ្នាក់តំបន់ចំនួន ៨ ផងដែរ។
កម្មវិធីក៏មានគោលដៅគាំទ្រក្រុមហ៊ុនដឹកនាំដោយស្ត្រី ឬក្រុមហ៊ុនដែលមានបរិយាបន្នយេនឌ័រ ពី ៣០% ទៅ ៥០% ដោយរំពឹងថានឹងសម្រេចបានលទ្ធផលសំខាន់ៗដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១.៦៣ លានតោន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ២.៣ លាននាក់នៅថ្នាក់តំបន់ ទន្ទឹមនឹងនោះ គាំទ្របរិវត្តកម្មកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចកាបូនទាប និងធន់នឹងអាកាសធាតុ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


