Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសភ្ជុំបិណ្ឌ

បានផុស

នៅ

ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការលំបាករបស់ប្រជាជនភៀសសឹកពីសង្គ្រាមជាមួយសត្រូវឈ្លានពានទឹកដី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ អនុវត្តវិធានការដូចខាងក្រោម៖

១-កុំបើកបរលើសល្បឿនកំណត់។ ២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍និងសញ្ញាបញ្ហារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។ ៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។ ៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺនិងចង្កូត ជាដើម។

៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិតឬឆ្ងាយ។ ៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

ទន្ទឹមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិតរងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់ដែលភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជង ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ក្នុងន័យនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹម និងជឿទុកចិត្តលើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយ រីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះកុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម