ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សារាជធានី អំពាវនាវឲ្យរួមគ្នា ដើម្បីសន្សំសំចៃការចំណាយ ខណៈតម្លៃប្រេងកើនឡើងខ្លាំង
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអំពាវនាវឲ្យរួមគ្នា ដើម្បីសន្សំសំចៃការចំណាយផ្សេងៗ ខណៈតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ដោយសារសង្គ្រាម អ៊ីស្រាអែល អាមេរិក និង អ៊ីរ៉ង់ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

ការអំពាវនាវបែបនេះរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៦ នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ០៤ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន និង លោក ហួត ហៃ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សន្សំសំចៃពីការចំណាយផ្សេងៗ ដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល ពិសេសគឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុក
មិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់ នៃសង្គ្រាម អ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។
ក្នុងឱកាសនោះដែរ លោក ម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបាន រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ជាមួយនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក៏អនុវត្តបានយ៉ាងល្អប្រសើរផងដែរ។
លោក ម៉ប់ សារិន និង សមាជិកក្រុមប្រឹក្សា បានលើកឡើងថា បើទោះបីប្រេងឥន្ធនៈមានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែ ប្រើប្រាស់រថយន្តក្រុងប្រមាណ ៦០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ នេះពិតជាបង្ហាញឲ្យឃើញពីការគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោក ហួត ហៃ ក្នុងឱកាសនោះក៏បានលើកឡើងពីផលប៉ះពាល់ដែលបណ្ដាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងបានលើកឡើងពីការគិតគូរបស់រាជរដ្ឋាភិបាល ជុំវិញតម្លៃប្រេងឡើងថ្លៃនេះផងដែរ ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការទប់ស្កាត់កុំឲ្យតម្លៃប្រេងឡើងថ្លៃស្រេចតែចិត្ត។ ជាមួយគ្នានោះដែរ លោក ហួត ហៃ ក៏បានអំពាវនាវឲ្យរួមគ្នាសន្សំសំចៃ ក្នុងការចំណាយផ្សេងៗ ផងដែរ។

ជុំវិញពិធីបុណ្យចូលឆ្នាំថ្មីនេះ លោក ហួត ហៃ ក៏បានបញ្ជាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងប្រារព្វព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ នៅទីតាំងចំនួន ៦ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីពិធីសប្បាយៗ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ក៏មានការដង្ហែពុទ្ធបដិមាករពីវត្តឧណ្ណាលោមមកកាន់វត្តភ្នំផងដែរ ដែលពិធីនេះធ្វើឡើងធំជាងបណ្ដាឆ្នាំកន្លងទៅ ដោយក្បួនដង្ហែមានរហូតទៅដល់ ២០ ផែន។

បន្ថែមពីលើនេះ លោក ហួត ហៃ ក៏បានថ្លែងនូវការអរគុណផងដែរចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានកោតសរសើរដល់ការងាររបស់រដ្ឋបាលរាជធានីកន្លងមក។ លោកថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនកាន់តែល្អថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន







-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


