Connect with us

កីឡា

ឆ្លងដែនទៅ អង់គ្លេស លើកដំបូង គោរមៈ ច័ន្ទរាជ្យ ត្រូវជួបដៃគូម្ចាស់ខ្សែក្រវាត់ WBC ៣ ខ្សែ

បានផុស

នៅ

អ្នកប្រដាល់គុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ កីឡាករ គោរមៈ ច័ន្ទរាជ្យ ទទួលបានឱកាសឡើងទៅប្រកួតនៅប្រទេស អង់គ្លេស ជាលើកដំបូង ក្នុងកម្មវិធី MTGP Sheffield នាថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ។

កីឡាករ គោរមៈ ច័ន្ទរាជ្យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿងដ៏ពិសេស សម្រាប់ គោរមៈ ច័ន្ទរាជ្យ ដែល​ទើប​ប្រឡង​បាក់ឌុប​ សម្រាប់​ការ​ចេញទៅប្រកួតនៅតំបន់ អឺរ៉ុប លើកដំបូង ដើម្បីដណ្តើមខ្សែក្រវាត់​អន្តរជាតិ MTGP ។ ជំនួបដណ្តើមខ្សែក្រវាត់នេះ កូនសិស្សរបស់លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នឹងត្រូវជួប​កីឡាករជើងចាស់របស់ អង់គ្លេស ឈ្មោះ George Carter។

ខិត្តប័ណ្ណ​ប្រកួត

ការប្រកួតនេះ ទំនងនឹងក្លាយជាការប្រកួតដ៏តានតឹងមួយសម្រាប់ គោរមៈ ច័ន្ទរាជ្យ ដោយសារកីឡាករ George Carter នេះមានតែមត្រង់ម្ចាស់ផ្ទះ ហើយម្យ៉ាងគេក៏ជាអ្នកប្រដាល់ជើងចាស់មួយរូបរបស់ អង់គ្លេស ផងដែរ។ យោងតាមប្រភពពី Derby Telegraph អ្នកប្រដាល់វ័យ ៣២ ឆ្នាំអង់គ្លេស រូបនេះ បានចូលហ្វឹកហាត់ប្រដាល់សេរីដំបូងតាំងពីឆ្នាំ ២០១២ ដែលពេលនោះ គេមានវ័យ ១៩ ឆ្នាំ។

George Carter ជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBC ៣ ខ្សែ ក្នុងនោះរួមមានខ្សែក្រវាត់ WBC ទ្វីបអឺរ៉ុប, WBC Nai Khanom Tom និង WBC ថ្នាក់ជាតិ។ ដោយឡែកស្ថិតិប្រកួត គឺកីឡាករ អង់គ្លេស រូបនេះ ធ្លាប់បានប្រកួតជាច្រើនប្រកួត ទាំងការប្រកួតលក្ខណៈអាជីព និងពាក់កណ្តាលអាជីព។

កីឡាករ George Carter

ពាក់ព័ន្ធនឹងការប្រកួតមុនឆ្នាំ ២០១៩ គឺមិនមានកំណត់ត្រាលម្អិតអំពីប្រវត្តិប្រកួតរបស់ George Carter ឡើយ ប៉ុន្តែរាប់ចាប់ពីឆ្នាំ ២០១៩ កីឡាករ អង់គ្លេស រូបនេះធ្លាប់បានប្រកួតអាជីពចំនួន ៦ ដង ក្នុងនោះឈ្នះ ៤ ដង និងចាញ់ ២ ដង។ ចំពោះការឈ្នះទាំង ៤ ដងនោះ គឺរូបគេបានផ្តួលឱ្យដៃគូសន្លប់ ២ ដង និងឈ្នះដោយពិន្ទុ ២ ដង។

ទៅបីជាយ៉ាងណា គោរមៈ ច័ន្ទរាជ្យ ក៏ជាកីឡាករជើងខ្លាំងជំនាន់ក្រោយរបស់ កម្ពុជា មួយរូបផងដែរ។ រូបគេជាម្ចាស់ខ្សែក្រវាត់ ៦ ខ្សែ ខណៈចុងក្រោយនេះ រូបគេទើប​ដណ្តើមបានខ្សែក្រវាត់ ISKA Southeast Asian Champion មួយខ្សែ និងខ្សែក្រវាត់គុនចម្រុះ GMA ពីវៀតណាមមួយខ្សែ។

កីឡាករ គោរមៈ ច័ន្ទរាជ្យ

គួរឱ្យដឹងថា គោរមៈ ច័ន្ទរាជ្យ នឹងត្រូវធ្វើដំណើទៅប្រកួតនៅក្នុងកម្មវិធី MTGP Sheffield នៅប្រទេស អង់គ្លេស នាថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ជាមួយមិត្តរួមសញ្ជាតិម្នាក់ទៀត គឺកីឡាករ សោម ពិសិដ្ឋ៕

ខិត្តប័ណ្ណ​ប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម