Connect with us

កីឡា

ក្លឹប​ប្រដាល់​របស់​ ស៊ឹម​ ប៊ុនស្រ៊ន់​ មាន​សិស្ស​ចេញ​ប្រកួត​ និង​ដំណើរ​ការទៅ​បណ្ដើរៗ​ហើយ​

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ និង​គុន​ខ្មែរ​ លោក​ ស៊ឹម​ ប៊ុនស្រ៊ន់​ បន្ទាប់​ពី​ប្រកាស​បើក​ដំណើរ​ក្លឹប​កសិកម្ម​រាមាគុនខ្មែរ​បាន​ប្រហែល​ ៤-៥​ខែ​កន្លង​ទៅ​នេះ​ ឥលូវ​មាន​សិស្ស​ចូលហ្វឹកហាត់​ខ្លះ​ហើយ​ និង​បាន​ឡើង​ប្រកួត​កម្មវិធី​តូចៗ​នៅ​តាម​វត្ត​បណ្ដើរៗ​ផង​ដែរ។​

លោក​ ស៊ឹម​ ប៊ុនស្រ៊ន់​

លោក​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​សាងសង់​រួចរាល់​ និង​ដាក់​សម្ភារ​ហ្វឹកហាត់​ហើយ​នោះ​ក៏​ក្លឹប​ចាប់​ផ្ដើម​ដំណើរ​ការ​បន្តិចម្ដងៗ​ និង​មាន​សិស្ស​ហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត​​ខ្លះ​ហើយ។​ ក្នុង​រយៈពេល​ ៤-៥​ខែ​មក​នេះ​ក្លឹប​របស់​ខ្លួន​បាន​បណ្ដុះ​បាន​យុវជន​ដែល​ចង់​ចាប់​អាជីព​ប្រដាល់​នេះ​បាន​ ២រូប​ និង​បាន​ឡើង​ប្រកួត​បាន​ ៣-៤​ប្រកួត​ហើយ​នៅ​តាម​កម្មវិធី​តូចៗ​ក្នុង​វត្ត​កន្លង​ទៅ​នេះ។​

ទិដ្ឋភាព​សិស្សរបស់​ ប៊ុនស្រ៊ន់ ប្រកួត​កន្លងទៅ

អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្លឹប​ប្រដាល់​កសិកម្មរាមា​គុន​ខ្មែរ​របស់​ខ្លួន​នេះ​នៅ​តែ​បន្ត​ទទួល​យុវជន​ដែល​ចង់​មក​ហ្វឹកហាត់​ជា​មួយ​បន្ថែម​ទៀត​ពិសេស​អ្នក​ដែល​រស់នៅ​ខេត្ត​កំពង់ចាម​ ឬ​នៅ​ស្រុក​ភូមិ​ក្បែរៗ​ក្លឹប​ម្ដុំ​ផ្លូវ​វាងស្គន់នេះ។​ អ្នក​ដែល​មាន​បំណង​ចង់​មក​ហ្វឹកហាត់​ជា​មួយ​លោក​គឺ​គ្រាន់​តែ​បញ្ជាក់​ពី​អត្តសញ្ញាណ​ និង​មាន​ការ​យល់​ព្រម​ពី​អាណាព្យាបាល​គឺ​បាន​ហើយ។​ ការ​ស្នាក់នៅ​ហូបចុក​គឹ​ក្លឹប​ជា​អ្នក​រ៉ាប់រង​ផង​ដែរ​ និង​មាន​ការងារ​ឲ្យ​ធ្វើ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​សិស្សរបស់​ ប៊ុនស្រ៊ន់ ប្រកួត​កន្លងទៅ

ប៊ុនស្រ៊ន់​ បញ្ជាក់​ទៀត​ថា​ក្លឹប​ប្រដាល់​នេះ​អាច​ប្រើ​ពេល​ ១ឆ្នាំ​ទៀត​នឹង​មាន​មុខមាត់​ខ្លះ​ហើយ​ ឬ​មាន​កីឡាករ​អាច​ចេញ​ប្រកួត​តាម​កម្មវិធី​ផ្សេងៗ​ដូច​បណ្ដា​ក្លឹប​ដទៃ​ទៀត។​ យ៉ាងណា​លោក​ក៏​មិន​បង្ខំ​ ឬ​ពន្លឿន​ការងារ​ក្លឹប​នេះ​ណាស់​ដែរ​ ពោល​ធ្វើ​តាម​ដំណើរ​ដោយក្ដី​ស្រឡាញ់​ និង​តាម​លទ្ធភាព​របស់​ខ្លួន។​

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​របស់​ ស៊ឹម​ ប៊ុនស្រ៊ន់​ នេះ​គឺ​មាន​ទីតាំង​នៅ​ផ្លូវ​វាងស្គន់​ ភូមិប៉ាណា ឃុំសូទិព្ទ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម។​ ប៊ុនស្រ៊ន់​ ជា​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ គុន​ខ្មែរ​ និង​ធ្លាប់​ប្រឡូក​លើ​សង្វៀន​ ONE​ ជា​ច្រើន​ឆ្នាំ៕​

ទិដ្ឋភាព​ហ្វឹកហាត់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម