Connect with us

វប្បធម៌ ជំនឿ

ដាក់បិណ្ឌថ្ងៃទីមួយ មានពុទ្ធបរិស័ទច្រើនកុះករបានចូលរួមវត្តក្នុងខណ្ឌដង្កោ

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា គឺជាថ្ងៃកាន់បិណ្ឌទីមួយ ដែលមានពុទ្ធបរិស័ទគ្រប់ទិសទីបានចូលរួមទៅវត្តធ្វើបុណ្យ នៅខណ្ឌដង្កោ បន្ទាប់ពីមានការខកខានទៅវត្តកាលពីឆ្នាំមុនក្រោយមានវិបត្តិ កូវីដ-១៩។ ជាមួយនឹងការចូលរួមយ៉ាងច្រើននេះ ក៏មានវិធានការទប់ស្កាត់នូវជម្ងឺកូវីដ-១៩ផងដែរ ទោះបីករណីមានស្ថានភាពធូរស្បើយយ៉ាងណាក្តី។ មិនតែប៉ុណ្ណោះ ក្នុងវត្តនីមួយៗ ក៏មានការបែងចែកចំពោះម្ហូបអាហារផ្សេងៗ សម្រាប់ចែកជូនប្រជាជនដែលខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ សួស អូន ដែលជាដូនជីនៅវត្ត បញ្ចៈកែវមុន្នីឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់មកកាន់ “កម្ពុជាថ្មី” ថា បើធៀបជាមួយនឹងឆ្នាំ២០២០ គឺឆ្នាំ២០២២នេះ មានពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃច្រើនជាងឆ្នាំមុន សឹងតែគ្មានកន្លែងទូលាយសម្រាប់ពុទ្ធបរិស័ទអង្គុយតែម្តង។ ម្យ៉ាងវិញទៀត ថ្ងៃកាន់បិណ្ឌទីមួយ ត្រូវនឹងថ្ងៃអាទិត្យ ដូច្នេះមនុស្សម្នាឆ្លៀតឱកាសសម្រាកពីការងាររបស់ខ្លួន មកធ្វើបុណ្យនៅថ្ងៃ កាន់បិណ្ឌទីមួយនេះ។

លោកយាយបានបន្ថែមថា ទោះបីជាបច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ មិនសូវរីករាលដាលច្រើនដូចឆ្នាំមុនៗពិតមែន ក៏ប៉ុន្តែ គណៈកម្មការវត្ត នៅតែតម្រូវឱ្យព្រះសង្ឃ ដូនជី និងអាចារ្យពាក់ម៉ាស់ និងមានអាកល់ការពារជាប់ខ្លួនជានិច្ច។ ចំពោះចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គណៈកម្មការវត្តបានរៀបចំទុកដាក់ បែងចែកបានត្រឹមត្រូវសម្រាប់យកទៅចែកជូនជនអនាថា ក្មេងកំព្រា ឬ យកទៅបន្ទាយទាហានជាដើម។

លោកយាយបាននិយាយថា៖ “ឆ្នាំនេះស្រួលជាងឆ្នាំមុន ព្រោះពុទ្ធបរិស័ទអាចចូលវត្ត ធ្វើបុណ្យបានដូចសព្វមួយដង បើឆ្នាំមុនពិបាកណាស់ ដាក់ចង្ហាន់បានតែនៅមុចក្លោងទ្វារវត្ត យើងមិនបាន​ចូលសំពះព្រះ សំពះលោកបានទូលំទូលាយ។ តែ យ៉ាងណាក៏មិនភ្លេចដែរ រឿងពាក់ម៉ាសហ្នឹង ព្រោះយើងធ្វើយ៉ាងណាការពារខ្លួនឯង កុំភ្លេចខ្លួនរឿងកូវីដឱ្យសោះ”។

ចំណែកលោកយាយ វ៉ន នៅវត្តធុតង្គចំការដូង ស្ថិតក្នុងខណ្ឌដង្កោដូចគ្នានោះ បានផ្តល់កិច្ចសម្ភាសមកកាន “កម្ពុជាថ្មី” ថា ក្នុងថ្ងៃកាន់បិណ្ឌទី១ របស់វត្តធុតង្គចំការដូង មានប្រជាជនជាច្រើនបានយកចង្ហាន់មកប្រគេនលោកដែលមានកំណើនជាងរាល់ឆ្នាំបន្តិច។ ដោយឡែក នៅវត្តធុតង្គចំការដូង បានបែងចែកព្រះសង្ឃឱ្យគង់នៅឆ្ងាយៗ និងឃ្លាតគ្នាប្រហែល ២ម៉ែត្រ ដើម្បីជៀសវាងនូវជម្ងឺរីករាលដាល កូវីដ-១៩។

ជាមួយគ្នានេះ វត្តធុតង្គចំការដូង ក៏មានវិធានការចំពោះម្ហូបអាហារមិនខុសពី  បញ្ចៈកែវមុន្នីឬស្សីសាញ់ប៉ុន្មានទេ។ គណៈកម្មការវត្តបានរៀបចំទុកដាក់ ម្ហូបនីមួយៗតាមផ្នែកផ្សេងៗ បន្ទាប់មក នឹងបញ្ជូនឱ្យទៅអ្នកជាប់ឃាំឃាំងនៅគុកព្រៃស ក៏ដូចជាប្រជាជនខ្វះខាត ឬ ក្មេងកំព្រាដែលត្រូវការជិតតំបន់នោះ ពេញមួយរដូវភ្ជុំបិណ្ឌ។ នេះបើតាមប្រសាសន៍របស់លោកយាយវ៉ន។

គួររំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានផ្អាកមិនឱ្យមានពុទ្ធបរិស័ទ ចូលក្នុងវត្តដាក់បិណ្ឌមានមនុស្សច្រើនកុះករឡើយ។ ប្រជាជនអាចយកចង្ហាន់ប្រគេនព្រះសង្ឃត្រឹមក្លោងទ្វារវត្តប៉ុណ្ណោះ ព្រោះបារម្ភពីករណីជម្ងឺកូវីដ-១៩។ ប៉ុន្តែ ក្នុងឆ្នាំ២០២២ ពុទ្ធបរិស័ទ អាចដាក់បិណ្ឌ និងធ្វើបុណ្យក្នុងវត្តបានធម្មតា ដោយកុំភ្លេចពី ៣កុំ ៣ការពារ ដែលរដ្ឋាភិបាលតែងតែក្រើនរំលឹកដាស់តឿនកន្លងមក៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម