Connect with us

សេដ្ឋកិច្ច

ភ្ញៀវទេសចរអន្តរជាតិជិត ​១ ​លាននាក់ ​ទិញសំបុត្រចូលទស្ស​នាអង្គរ​ បង្កើតចំណូលរដ្ឋជិត ​៤៥ ​លានដុល្លារ​

បានផុស

នៅ

ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់ (៩៥៥១៣១) ​បានទិញសំបុត្រចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ​ដែលនាំឱ្យកម្ពុជា​រកចំណូលបានជិត ៤៥ លានដុល្លារ (៤៤ ៧១១៦៧៥) នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៦,៥១% ​ធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍គ្រឹះស្ថានអង្គរ​បង្ហាញថា ​សម្រាប់តែមួយខែធ្នូ ឆ្នាំ ២០២៥ ​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន​ ៨៧ ៩៣៦ ​នាក់ ​បានទិញសំបុត្រចូលទស្សនាអង្គរ គិតជាចំណូល​ប្រ​មាណ​ ៤,២ លានដុល្លារ ធ្លាក់ចុះ ២៨,៥១%។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) មានប្រសាសន៍ថា​​ កត្តា​សេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយ​ការធ្វើ​ដំណើរ​ ខណៈប្រទេស​ដែលធ្លាប់តែ​ទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេស​ចរ​អឺរ៉ុប ក៏​កាត់​បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច​ ជំងឺឆ្លង និងគ្រោះធម្មជាតិ។​

​លោក ធួន ស៊ីណាន ​យល់ឃើញថា ​ការធ្លាក់ចុះកម្រិតនេះ មិនអាក្រទេ សម្រាប់កម្ពុជា ​តែអ្វី​ដែលយើងត្រូវធ្វើគឺរដ្ឋ ​និង​ឯកជន​ត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹង​ដង្ហើម​អ្នក​ដ៏ទៃ​ដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ។​

លោក ខៀវ ធី​ ប្រធាន​សមាគមមគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប បាន​​ឱ្យ​ដឹង​ថា ការ​អូស​បន្លាយ​នៃ​សង្គ្រាមកម្ពុជា-​ថៃ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​សៀម​រាប​ធ្លាក់​ចុះ​។

លោក ខៀវ ធី បន្ថែម​ថា បច្ចុប្បន្នភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ខេត្ត​សៀម​រាប គឺ​ចាប់​ផ្តើម​មាន​ការ​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ហើយ ក្នុង​នោះ​ការ​កក់​ថ្មី​ៗ ក៏​លែង​មាន ហើយ​ការ​កក់​ចាស់​ៗ​ ក៏​ចាប់​ផ្តើម​លុប​ជា​បណ្តើរ​ៗ ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​សារ​ជា​ថ្មី។

​គិតត្រឹម ១១ ខែ ​ឆ្នាំ ២០២៥ ​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ៥ ​លាននាក់ ​ធ្លាក់ចុះ ​១៣,៨% ធៀបនឹង​រយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដោយសារបញ្ហា​ប្រឈម​ភូមិ​សាស្ត្រនយោបាយ និង​ភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៥,១ លាន​​នាក់ ​ទេសចរវៀត​ណាមឈរនៅ​លំដាប់​លេខរៀងទី១ ចំនួនជាង ១,១ លាននាក់ ធ្លាក់ចុះ ៧,៣% ចិន ១,១ លាននាក់ កើនឡើង ៤៣,៥% ថៃ ១ លាននាក់ ធ្លាក់ចុះ ៤៧% អាមេរិកជាង ១៨ ម៉ឺននាក់ ធ្លាក់ចុះ ២,៧% កូរ៉េជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១៦%៕

អត្ថបទ៖ ឡេង ដេត

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម