Connect with us

ព័ត៌មានអន្ដរជាតិ

មួយឆ្នាំ ប្រជាជន​វៀត​ណាម ស្លាប់​ជាង ១០០ ០០០​នាក់ ដោយ​សារ​ថ្នាំ​ជក់​

បានផុស

នៅ

ក្រសួង​សុខា​ភិបាលវៀតណាម បង្ហាញទិន្នន័យ​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​បាន​ឆក់​យក​ជីវិត​ប្រជាជនខ្លួនជាង​ ១០០ ០០០នាក់​​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ថ្លៃចំណាយ​លើ​ការ​ថែ​ទាំ​សុខភាព​ប្រចាំ​ឆ្នាំ​ និង​ការ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ឈាន​ដល់​ប្រមាណ​ ១០៨ទ្រី​លាន​ដុង (៤.២ប៊ីលានដុល្លារអាមេរិក)។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ VN Express, ​តួ​លេខ​ដ៏គួរឲ្យភ្ញាក់ផ្អើល​​នេះ​ត្រូវ​បាន​ផ្សាយ​កាលពីថ្ងៃពុធ នៅ​ឯ​ពិធីប្រគល់​ពាន​រង្វាន់ «សណ្ឋា​គារ​គ្មាន​ផ្សែង​បារី​ឆ្នើម​របស់​វៀត​ណាម​» ដែល​រៀប​ចំ​នៅ​ទី​ក្រុង​ហា​ណូយ​ដោយមូលនិធិ​សម្រាប់​ការ​បង្ការ​គ្រោះ​ថ្នាក់​ថ្នាំ​ជក់​ក្រោម​ក្រសួង​សុខា​ភិបាល។

លោក Phan Thi Hai នាយក​រងមូល​និធិ​បាន​សង្កត់​ធ្ងន់​ថា ​ការ​ខាត​បង់​ទាំង​នេះ​បញ្ជាក់​ពី៖ «ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​សុខភាព​សា​ធារណៈ​ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គមនានារបស់ថ្នាំជក់»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ផ្សែង​ថ្នាំ​ជក់​នៅ​តែ​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​មហា​រីក​សួត ជំងឺ​សរសៃ​ឈាម​បេះដូង និងភាពគ្មានកូន។ វា​ផ្ទុក​សារធាតុគីមីជាង ៧០០០និង​សារធាតុ​បង្ក​មហារីក​យ៉ាង​តិច៧០ ផ្សេងទៀត​។

ប្រទេស​វៀត​ណាម​ កាន់តែ​ព្រួយ​បារម្ភ​ខ្លាំងទៅៗ អំពី​កំណើន​នៃ​ការ​ប្រើ​ប្រាស់​បារី​អេ​ឡិច​ត្រូ​និច​ក្នុង​ចំណោម​មនុស្ស​វ័យ​ជំទង់​។

លោក Hai បាន​កត់​សម្គាល់​ថា​អ្នក​ជំងឺ​វ័យ​ក្មេង​រាប់​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​ដោយ​សារ​ការ​ជក់​បារី​អេឡិច​ត្រូនិច​ច្រើន ដែល​ធ្វើ​ឱ្យ​ពួក​គេ​សន្លប់​ ជា​ពិសេស​​​ខូច​ខាត​សួត​ធ្ងន់​ធ្ងរ។

យោង​តាម​ការ​ស្ទង់​មតិ​ថ្នាំ​ជក់​សកល​សម្រាប់​មនុស្ស​ពេញ​វ័យ​ឆ្នាំ២០២៤​ (PGATS) ការ​ប៉ះ​ពាល់​នឹង​ផ្សែង​បារី​នៅ​ក្នុង​សណ្ឋាគាររបស់​វៀត​ណាម​​បាន​ធ្លាក់​ចុះ​ ១៤.៦ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម