ព័ត៌មានអន្ដរជាតិ
៣ប្រទេស នៅអាស៊ី មានច្បាប់កាតព្វកិច្ចយោធាតឹងរ៉ឹងបំផុត
បញ្ហាសន្តិសុខ និងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ី កំពុងតែឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យប្រទេសជាច្រើន ត្រូវពង្រឹងកម្លាំងការពារជាតិរបស់ខ្លួន។ ក្នុងនោះ របបកាតព្វកិច្ចយោធា ឬការកេណ្ឌប្រជាពលរដ្ឋឱ្យចូលបម្រើកងទ័ព បានក្លាយជាឧបករណ៍ដ៏សំខាន់មួយ។ ខណៈដែលប្រទេសកម្ពុជា ទើបតែប្រកាសអនុវត្តច្បាប់កាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦ នេះតទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ គេសង្កេតឃើញមានប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ដែលមានច្បាប់នេះតឹងរ៉ឹងបំផុត រហូតដល់ថ្នាក់គ្មានការលើកលែង សូម្បីតែតារាល្បីៗក៏ដោយ។

តើប្រទេសណាខ្លះ ដែលមានច្បាប់កាតព្វកិច្ចយោធាតឹងរ៉ឹងជាងគេ នៅអាស៊ី?
១. កូរ៉េខាងជើង៖ ប្រទេស ដែលមានរយៈពេលបំពេញកាតព្វកិច្ចយោធាយូរជាងគេលើលោក
បើនិយាយពីភាពតឹងរ៉ឹង និងរយៈពេលវែង គ្មានប្រទេសណាអាចលើសកូរ៉េខាងជើងនោះឡើយ។ យោងតាមទិន្នន័យស្រាវជ្រាវរបស់ស្ថាប័ន World Population Review កូរ៉េខាងជើង តម្រូវឱ្យបុរសទាំងអស់ ដែលមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ត្រូវចូលបម្រើកងទ័ព ក្នុងរយៈពេលរហូតដល់ទៅ ៨ឆ្នាំ ចំណែកឯស្ត្រីវិញ ក៏ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ៥ឆ្នាំ ផងដែរ។ នេះ គឺជាច្បាប់ចាប់បង្ខំដ៏មានឥទ្ធិពល និងស្ទើរតែគ្មានការលើកលែងឡើយ សម្រាប់ប្រជាពលរដ្ឋទូទៅ លើកលែងតែក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ ឬអ្នកមានឯកទេសវិទ្យាសាស្ត្រពិសេសប៉ុណ្ណោះ។
២. កូរ៉េខាងត្បូង៖ ច្បាប់តឹងរ៉ឹងបំផុត គ្មានការយោគយល់ សូម្បីតារា K-Pop
ទោះបីជាកូរ៉េខាងត្បូង ជាប្រទេសប្រជាធិបតេយ្យ និងមានសេដ្ឋកិច្ចជឿនលឿនក៏ដោយ ក៏ដោយសារតែការគំរាមកំហែងឥតឈប់ឈរពីប្រទេសជិតខាង ច្បាប់កាតព្វកិច្ចយោធានៅទីនោះ គឺដាច់ខាតបំផុត។ បុរសកូរ៉េខាងត្បូង ដែលមានកាយសម្បទាមាំមួនទាំងអស់ ត្រូវតែចូលបម្រើកងទ័ពរយៈពេលពី ១៨ ទៅ ២១ខែ (អាស្រ័យលើប្រភេទកងទ័ពអាកាស ជើងទឹក ឬជើងគោក) មុនពេលពួកគេឈានដល់អាយុ ២៨ឆ្នាំ។
ច្បាប់នេះតឹងរ៉ឹង រហូតដល់ថ្នាក់សូម្បីតែសមាជិកក្រុមចម្រៀងពិភពលោក BTS ឬតារាសម្ដែងល្បីៗ ក៏ត្រូវតែផ្អាកការងារសិល្បៈ ដើម្បីទៅកាន់កាំភ្លើងដែរ។ យោងតាមរបាយការណ៍របស់ស្ថាប័នវិភាគ Pacific Forum សង្គមកូរ៉េខាងត្បូង មានទស្សនៈតឹងរ៉ឹងខ្លាំង ចំពោះរឿងនេះ ដោយអ្នកដែលព្យាយាមគេចវេះពីកាតព្វកិច្ចយោធា នឹងត្រូវចាត់ទុកជា «មនុស្សកំសាក» និងរងការរើសអើងយ៉ាងធ្ងន់ធ្ងរពីសង្គមជាតិ។
៣. អ៊ីស្រាអែល៖ ច្បាប់ស្មើភាព រាប់បញ្ចូលទាំងស្ត្រី
នៅតំបន់អាស៊ីខាងលិច ប្រទេសអ៊ីស្រាអែល ត្រូវបានគេស្គាល់ថាមានប្រព័ន្ធកាតព្វកិច្ចយោធាដ៏រឹងមាំ និងសកម្មបំផុត។ ផ្អែកលើទិន្នន័យរបស់ World Population Review ច្បាប់សន្តិសុខជាតិរបស់អ៊ីស្រាអែល តម្រូវឱ្យទាំងបុរស និងស្ត្រី ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវតែចូលបម្រើកងទ័ព។ បុរសត្រូវបំពេញការងាររយៈពេល ៣២ខែ ចំណែកស្ត្រីត្រូវបំពេញការងាររយៈពេល ២៤ខែ។ ក្រោយបញ្ចប់កាតព្វកិច្ច ពួកគេនៅតែត្រូវស្ថិតក្នុងបញ្ជីកងទ័ពបម្រុង ដែលអាចហៅមកជួយសមរភូមិបានភ្លាមៗរហូតដល់អាយុជាង ៤០ឆ្នាំ៕
អត្ថបទ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


