នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញលំដាប់កំពូលនិយាយនៅថ្ងៃសុក្រ ថា វាដូចជាបេសកកម្មអត្តឃាតមួយសម្រាប់ប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះ។
ការអធិប្បាយរបស់លោក Hiroshi Mikitani នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rakuten (RKUNF ) នៅក្នុងបទសម្ភាសន៍មួយរបស់ CNN ដែលស្ថិតក្នុងចំណោមមេដឹកនាំកំពូលៗដែលមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍កីឡា នៅពេលដែលប្រទេសកំពុងទទួលរងវាយប្រហារពីកូវីដ-១៩នៅឡើយ។
លោក Hiroshi Mikitani
លោក Mikitani លើកឡើងថា លោកបានកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យលុបចោលគម្រោងព្រឹត្តិការណ៍កីឡានៅក្រុងតូក្យូដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ លោកក៏បានផ្តល់ពិន្ទុឲ្យរដ្ឋាភិបាលជប៉ុន២ពិន្ទុក្នុងចំណោម១០ពិន្ទុសម្រាប់ចំណាត់ការលើកូវីដ-១៩។ ថ្នាក់ដឹកនាំលេចធ្លោជាច្រើនទៀតក៏សម្តែងការព្រួយបារម្ភពីកីឡាអូឡាំពិកឆ្នាំនេះដែរ ប៉ុន្តែគ្មាននរណាម្នាក់ហានរិះគន់ដូចលោក Mikitani ឡើយ។
Mikitani មានប្រសាសន៍ថា ៖«វាគ្រោះថ្នាក់ដែលរៀបចំព្រឹត្តិការណ៍អន្តរជាតិពីជុំវិញពិភពលោក។ ដូច្នេះហានិភ័យធំណាស់។ វាមិនល្អទេ ហើយយើងឃើញប្រទេសជាច្រើនកំពុងតស៊ូដូចជាឥណ្ឌា និងប្រេស៊ីលជាដើម។ វាមិនមែនជាពេលដែលត្រូវរៀបចំទេ»។
នៅពេលសួរថា លោកជឿថា កីឡាអូឡាំពិកមិនអាចលុបចោលមែនទេ? លោកឆ្លើយថា អ្វីគ្រប់យ៉ាងអាចទៅរួចឥឡូវនេះ ហើយលោកគិតថា វាពិតជាពិបាកណាស់ដើម្បីធ្វើឲ្យប្រាកដច្បាស់ថា រៀបចំការប្រកួតនេះមានសុវត្ថិភាព។
នៅពេលការរាតត្បាតពីកូវីដ-១៩កំពុងកើនឡើង មនុស្សរាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិតាមអនឡាញដើម្បីអំពាវនាវឲ្យលុបចោលកីឡាអូឡាំពិក ហើយសប្តាហ៍នេះ នាយកប្រតិបត្តិធំៗរបស់ប្រទេសជប៉ុនក៏បានសម្តែងក្តីកង្វល់ផងដែរ។
នាយកប្រតិបត្តិ SoftBank (SFTBF ) លោក Masayoshi Son មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា លោកពិតជាភ័យខ្លាចទាំងសម្រាប់ប្រទេសជប៉ុនជាម្ចាស់ផ្ទះ និងប្រទេសផ្សេងៗដែលនឹងមកចូលរួមកីឡាអូឡាំពិកនៅក្រុងតូក្យូ ប្រសិនបើដំណើរការតាមផែនការនារដូវក្តៅនេះ។
លោកថា ៖«ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ពីកីឡាអូឡាំពិក មិនត្រឹមតែសម្រាប់ប្រទេសជប៉ុនទេ ប៉ុន្តែទាំងប្រទេសផ្សេងៗជាច្រើន។ ពួកគេមានពេលវេលាដ៏លំបាក។ ខ្ញុំមិនដឹងថា ពួកគេអាចគាំទ្របញ្ជូនអត្តពលិកដោយរបៀបណាទេ»។
ក្រុមហ៊ុន Toyota (TM ) ដែលជាដៃគូឧបត្ថម្ភធំមួយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះនិយាយដើមសប្តាហ៍នេះថា ខ្លួនមានការព្រួយបារម្ភពីចំនួននៃសាធារណៈជនមិនសប្បាយចិត្តដែលកំពុងដឹកនាំអត្តពលិកមុនព្រឹត្តិការណ៍មកដល់។
នាយកប្រតិបត្តិ Toyota លោក Jun Nagata មានប្រសាសន៍ថា ៖«យើងពិតជាបារម្ភយ៉ាងខ្លាំងដែលមានសេចក្តីរាយការណ៍ថា អត្តពលិកបានក្លាយជាគោលដៅនៃការខកចិត្តរបស់មនុស្សមួយចំនួនអំពីស្ថានភាពវេជ្ជសាស្ត្របច្ចុប្បន្ន»។
ថ្មីៗនេះ ប្រទេសជប៉ុនបានបន្តភាពអាសន្នលើកទី៣ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដែលបានកំពុងកើនឡើងដែលធ្វើឲ្យកង្វល់ជុំវិញសុវត្ថិភាពដល់អ្នកស្ម័គ្រចិត្ត អត្តពលិក មន្ត្រី និងសាធារណជន។
នៅថ្ងៃពុធ អ្នកនាំពាក្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Mark Adams បានអះអាងដល់អ្នកកាសែតថា ផែនការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកទាំងស្រុងគឺបន្តដំណើរការ ទោះជាកើនឡើងនូវកង្វល់សាធារណៈក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ ប្រភព៖ CNN