ព័ត៌មានអន្ដរជាតិ
មេដឹកនាំនានាឲ្យភាគីជម្លោះអ៊ីស្រាអែលនិង អ៊ីរ៉ង់ចរចាគ្នា ខុសគេតែ ដូណាល់ ត្រាំ
ក្រោយពីមានការព្រមានរបស់នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលថា រាល់ការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញឱ្យអ៊ីរ៉ង់បន្តសកម្មភាពអាវុធនុយក្លេអ៊ែរ ឬចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ត្រឹមតែ៣ថ្ងៃ អ៊ីស្រាអែលស្រាប់តែវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជាសារធាតុសំខាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងកាំជ្រួច និងបានសម្លាប់ឧត្តមសេនីយ៍កំពូល៣រូបរបស់អ៊ីរ៉ង់ មេដឹកនាំអ៊ីរ៉ង់បានប្រកាសសងសឹកវិញឲ្យចាស់ដៃ។ ការភ័យខ្លាច បានកើនឡើងថា ភាពតានតឹងដែលអូសបន្លាយយូររវាងគូប្រជែងប្រដាប់អាវុធខ្លាំងអាចផ្ទុះទៅជាសង្គ្រាមក្នុងតំបន់ពេញមួយជីវិត។
មេដឹកនាំប្រទេសមួយចំនួនជុំវិញពិភពលោកបានជំរុញឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលងាកទៅរកការចរចា ប៉ុន្តែមេដឹកនាំអាមេរិកវិញ បានដាក់ការព្រមានអីរ៉ង់ខ្លាំងៗ។
រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា៖«នៅយប់នេះ អ៊ីស្រាអែលបានចាត់វិធានការឯកតោភាគីប្រឆាំងអ៊ីរ៉ង់។ យើងមិនពាក់ព័ន្ធក្នុងការវាយប្រហារប្រឆាំងអ៊ីរ៉ង់និង អាទិភាពចំបងរបស់របស់គឺការពារកងកម្លាំងអាមេរិកក្នុងតំបន់»។ លោក បន្ថែមថា៖«ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា អឺរ៉ង់មិនគួរសំដៅផលប្រយោជន៍ឬយោធាអាមេរិកទេ»។
រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី PENNY WONG បានលើកឡើងថា៖«អូស្រ្តាលីបានដឹងពីជម្លោះកើនឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ ជម្លោះនេះបង្កអសន្តិសុខតំបន់បន្ថែមទៀតដែលផុយស្រួយស្រាប់ទៅហើយ។ យើងសូមឲ្យគ្រប់ភាគីចៀសវាងពីសកម្មភាពនិងវោហារសាស្រ្តដែលនឹងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង»។
រដ្ឋមន្ត្រីបន្តថា៖«យើងទាំងអស់គ្នាយល់ថា ការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់បង្ហាញនូវការគំរាមចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយយើងជំរុញភាគីទាំងអស់ផ្តល់អាទិភាពលើការជជែកគ្នានិងទំនាក់ទំនងផ្លូវទូតវិញ»។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោក CHRISTOPHER LUXON បានលើកឡើងថា៖«វាជាការវិវត្តមិនគួរឲ្យស្វាគមន៍ទាល់តែសោះក្នុងតំបន់មជ្ឈិមបូព៌ា។ ហានិភ័យនៃការគណនាខុស គឺដល់កម្រិតខ្ពស់។ តំបន់នោះមិនត្រូវការសកម្មភាពយោធាច្រើនទៀតទេ ហើយហានិភ័យពាក់ព័ន្ធនឹងរឿងនោះហើយ»។
ប្រធានាលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក YOSHIMASA HAYASHI បានលើកឡើងថា៖«ជប៉ុនបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏ចាំបាច់គ្រប់យ៉ាង ដើម្បីទាប់ស្កាត់ការធ្លាក់ចុះស្ថានភាពនេះបន្ថែមទៀត ទន្ទឹមនោះ ក៏នឹងអនុវត្តវិធានការដែលអាចទៅរួចទាំងអស់ ដើម្បីធានាការពារជនជាតិជប៉ុន»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក KEIR STARMER បានលើកឡើងថា៖«របាយការណ៍នៃវាយប្រហារទាំងនេះជាកង្វល់ ហើយយើងជំរុញឲ្យគ្រប់ភាគីដកថយនិងកាត់បន្ថយភាពតានតឹងជាបន្ទាន់។ ការផ្ទុះអាវុធមិនបានបម្រើភាគីណាក្នុងតំបន់នោះទេ»។
នាយករដ្ឋមន្ត្រីអង់គ្លេស បន្ថែមថា៖ «ស្ថិរភាពនៅមជ្ឈិមបូព៌ាត្រូវតែជាអាទិភាព ហើយយើងកំពុងទាក់ទងដៃគូដើម្បីកាត់បន្ថយការកើនឡើងជម្លោះ។ ឥឡូវនេះគឺជាពេលវេលាសម្រាប់ការទប់អារម្មណ៍ អត់ធ្មត់ និងការវិលត្រឡប់ទៅរកការទូតវិញ»។
ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Mariano Grossi បានបង្ហោះលើបណ្តាញសង្គម X និយាយថា៖«មិនមានការកើនឡើងនៃកម្រិតវិទ្យុសកម្មដែលត្រូវបានគេសង្កេតឃើញនៅកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz ដែលត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ។
អ៊ីស្រាអែលបានពណ៌នាការវាយប្រហារនេះថាជាជំហានមុនដើម្បីរារាំងអ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ បន្ថែមពីលើគោលដៅនុយក្លេអ៊ែរ អ៊ីស្រាអែលក៏បានវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ទីតាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ឃ្លាំងអាវុធ មន្ទីរពិសោធន៍ និងផ្ទះ និងទីស្នាក់ការរបស់មន្ត្រីជាន់ខ្ពស់ នេះបើយោងតាមមន្ត្រីការពារជាតិអ៊ីស្រាអែល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យអឺរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នេះទេ វានឹងយឺតពេលហើយ ដោយបញ្ជាក់ថា៖“ពួកអ្នកប្រឆាំងអ៊ីរ៉ង់មួយចំនួនបាននិយាយយ៉ាងក្លាហាន ប៉ុន្តែពួកគេមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ ពួកគេទាំងអស់បានស្លាប់ហើយ ហើយវានឹងកាន់តែអាក្រក់ទៅៗ! មានការស្លាប់ និងការបំផ្លិចបំផ្លាញដ៏ខ្លាំងក្លារួចទៅហើយ ប៉ុន្តែនៅតែមានពេលវេលាដើម្បីធ្វើការវាយប្រហារនេះ ដោយការវាយប្រហារដែលបានគ្រោងទុកបន្ទាប់គឺកាន់តែឃោរឃៅជាងនេះ ឈានដល់ទីបញ្ចប់»។
លោក ត្រាំ បានលើកឡើងបន្ត៖«អ៊ីរ៉ង់ត្រូវតែធ្វើកិច្ចព្រមព្រៀងមួយ មុននឹងគ្មានអ្វីៗនៅសេសសល់ ហើយរក្សាទុកនូវអ្វីដែលធ្លាប់ស្គាល់ថាជាចក្រភពអ៊ីរ៉ង់។ គ្មានការស្លាប់ គ្មានការបំផ្លិចបំផ្លាញទៀតទេ គ្រាន់តែធ្វើវា មុនពេលវាយឺតពេល។ សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកទាំងអស់!”៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


