ព័ត៌មានអន្ដរជាតិ
រូប៊ីយ៉ូ បញ្ជាក់ច្បាស់ថា អាមេរិក អត់ដកទណ្ឌកម្មអ៊ីរ៉ង់ទេ ទោះ ច្រក Hormuz បើកវិញក៏ដោយ
ក្នុងអំឡុងសវនាការនៅឯព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន នឹងអត់ដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ឡើយ ទោះច្រកសមុទ្រ Hormuz បើកឡើងវិញក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោករូប៊ីយ៉ូ ដែលឆ្លើយតប ក្នុងអំឡុងពេល ការសួរដេញដោលពីសំណាក់សមាជិកសភា ស្តីអំពីជម្លោះជាមួយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «អ្វីគ្រប់យ៉ាងដែលត្រូវបានពិភាក្សាជាមួយពួកគេ (អ៊ីរ៉ង់) គឺថា រាល់ការបន្ធូរបន្ថយទណ្ឌកម្មណាមួយ ត្រូវផ្អែកលើលក្ខខណ្ឌជាក់ស្តែង ដែលមានន័យថា វាត្រូវតែធ្វើឡើង ជាការដោះដូរទៅនឹងមូលហេតុចម្បង ដែលនាំឲ្យមានការដាក់ទណ្ឌកម្មទាំងនោះតាំងពីដំបូង ពោលគឺកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ តែម្តង»។
នេះមានន័យថា ទោះច្រកសមុទ្រ Hormuz បើកឡើងវិញ ក៏អាមេរិក អត់ដកទណ្ឌកម្មដែរ បើចង់ឲ្យអាមេរិក ដក គឺមានលក្ខខណ្ឌតែមួយគត់ នោះគឺ អ៊ីរ៉ង់ ត្រូវបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ ជាមុនសិន។
ការដកទណ្ឌកម្មនេះ ត្រូវបានដាក់បញ្ជូលជាលក្ខខណ្ឌមួយ ក្នុងការចរចានៃកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិកនិងអ៊ីរ៉ង់ ប៉ុន្តែការចរចាត្រូវជាប់គាំង ដោយសារតែមានឧបសគ្គមួយចំនួន។

អ្វីដែលកាន់តែយ៉ាប់យ៉ឺន គឺចុងក្រោយនេះ អ៊ីរ៉ង់ ដល់ថ្នាក់ប្រកាសថា ខ្លួនផ្អាកកិច្ចចរចាសន្តិភាពជាមួយ អាមេរិកហើយ ព្រោះតែអ៊ីស្រាអែល មិនព្រមឈប់វាយប្រហារ នៅលីបង់ សោះ។
ក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ប្រកាសដែរថា លោកអត់ខ្វល់ទេ ជុំវិញវាសនានៃកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ព្រោះលោកមានអារម្មណ៍ថា ការចរចានេះ ចាប់ផ្តើមទៅជាគួរឲ្យធុញទ្រាន់ និងស៊ីពេលវែងឆ្ងាយហួសហេតុពេក ដោយសារតែភាគីអ៊ីរ៉ង់ ហាក់មានចេតនាអូសពន្យារពេល។
យ៉ាងណា មុននេះប្រមុខសេតវិមាន បានបញ្ជាក់ថា គ្មានការលើកលែងឡើយ កិច្ចព្រមព្រៀងណាមួយ ត្រូវតែច្បាស់ថា ទីក្រុងតេហេរ៉ង់ នឹងគ្មានថ្ងៃមានអាវុធនុយក្លេអ៊ែរ ដាច់ខាត។
រឿងនុយក្លេអ៊ែរ និងសារធាតុអ៊ុយរ៉ាញ៉ូម គឺជាឧបសគ្គធំ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម ទៅឲ្យអាមេរិក ដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


