Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន នឹងមិនចូលរួម​កិច្ចប្រជុំ​ BRICS នៅ​ប្រេស៊ីល ព្រោះ​បារម្ភ​ពី​ដីកា​ចាប់ខ្លួនរបស់ ICC

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ​នា​​ថ្ងៃទី​៦-៧​ខែកក្កដា​ខាង​មុខ​នោះ​ទេ ព្រោះ​តែ​មាន​ដីកា​ចាប់​ខ្លួន​​​របស់​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែល​ធ្លាប់​ចេញ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០២៣ ចោទ​ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងការនិរទេស​កុមារ​អ៊ុយក្រែន​​ទាំង​បង្ខំ។ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​ខែ​មិថុនា។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ushakov បានពន្យល់ថា ប្រទេសប្រេស៊ីល ដែលជារដ្ឋសមាជិក ICC ជាប់នឹងលក្ខន្តិកៈទីក្រុងរ៉ូម មានកាតព្វកិច្ចស្របច្បាប់ក្នុងការចាប់ខ្លួនលោក ពូទីន ប្រសិនបើគាត់ចូលទឹកដីរបស់ប្រេស៊ីល។ ដោយហេតុ​ថាប្រេស៊ីលមិនអាចធានាអភ័យឯកសិទ្ធិរបស់គាត់បាន លោក ពូទីន បានជ្រើសរើសចូលរួមពីចម្ងាយតាមរយៈវីដេអូ​ខល​ជំនួស​វិញ ខណៈ​លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov នឹងចូលរួមដោយផ្ទាល់ ដើម្បី​តំណាង​ឲ្យ​ប្រទេសរុស្ស៊ីនៅ​ក្នុង​កិច្ចប្រជុំ​ BRICS។

រុស្ស៊ីបដិសេធការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយវិមានក្រឹមឡាំងដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត ICC បានច្រានចោលដីកានេះទុកជាមោឃៈ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ពូទីន ជៀស​វាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ដែល​ជា​រដ្ឋ​សមាជិក​នៃ ICC។ មេ​ដឹក​នាំ​រុស្ស៊ី​ធ្លាប់​​អវត្តមានពី​កិច្ចប្រជុំ G20 នៅ​ប្រេស៊ីល​ម្ដង​រួច​មក​ហើយ​ក្នុងខែកញ្ញា​ឆ្នាំ​២០២៣ ហើយថ្មីៗនេះពីកិច្ចប្រជុំកំពូលនៅអាហ្រ្វិកខាងត្បូង និងរដ្ឋ​ជា​ហត្ថលេខី​សន្ធិសញ្ញា​ ICC ផ្សេងៗ​ទៀត។

យ៉ាង​ណា​មិញ កាលពីឆ្នាំមុន លោក ពូទីន ត្រូវបានទទួលស្វាគមន៍លើកម្រាលព្រំក្រហមនៅ​ម៉ុងហ្គោលី បើទោះបីជា​ប្រទេស​មួយ​នេះ​ជារដ្ឋសមាជិក ICC ក៏ដោយ។

ប៉ុន្តែ​​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ BRICS ឆ្នាំ​នេះ​នៅ​ប្រេស៊ីល លោក Ushakov បាននិយាយថា «នេះគឺដោយសារតែការលំបាកមួយចំនួននៅក្នុងបរិបទនៃតម្រូវការរបស់ ICC។ នៅក្នុងបរិបទនោះ រដ្ឋាភិបាលប្រេស៊ីលមិនអាចប្រកាន់ជំហរច្បាស់លាស់ដែលនឹងអនុញ្ញាត​ឲ្យ​ប្រធានាធិបតីរបស់យើងចូលរួមក្នុងកិច្ចប្រជុំនេះទេ»៕

FILE PHOTO: The International Criminal Court building is seen in The Hague, Netherlands, January 16, 2019. REUTERS/Piroschka van de Wouw/File Photo

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម