Connect with us

ព័ត៌មានជាតិ

កម្ពុជាទទូចដល់ក្រុមប្រឹក្សាសន្តិសុខ UN កុំព្រងើយកន្តើយចំពោះទង្វើឈ្លានពានរបស់ថៃលើកម្ពុជា

បានផុស

នៅ

តំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិបានទទូចដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកុំឱ្យព្រងើយកន្ដើយចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ខណៈសកម្មភាពវាយប្រហាររបស់យោធាថៃកាន់តែសាហាវ និងមានទ្រង់ទ្រាយធំ មិនរើសគោលដៅមកលើដែនអធិបតេយ្យកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានរាយការណ៍ពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ ខណៈការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់យោធាថៃកាន់តែខ្លាំងឡើង រហូតដល់ ៩០គីឡូម៉ែត្រ មកក្នុងតំបន់ជនស៊ីវិលកម្ពុជារស់នៅ ដែលលោក កែវ ឈា គូសបញ្ជាក់ថា គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។

ការលើកឡើងរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា បានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចពិភាក្សាបើកចំហប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពជាអ្នកដឹកនាំដើម្បីសន្តិភាព នៅទីស្នាក់ការកណ្តាល UN ក្នុងទីក្រុងញូវយ៉ក។

ស្របនឹងប្រធានបទនៃកិច្ចប្រជុំខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងពីការគាំទ្ររបស់កម្ពុជាចំពោះការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងទទួលរងការឈ្លានពានពីប្រទេសថៃ។

តំណាងកម្ពុជា បានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតាំងខ្លួនឯងថា ជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយលោក គូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។

លោកក៏សង្កត់ធ្ងន់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីបញ្ហាខាងលើ ដែលសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ តំណាងកម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញ UN និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានសកម្មភាពឈ្លានពានកាន់តែខ្លាំងឡើង ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម